ភ្នំពេញ៖យុវជនប្រុសស្រី៣នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ស្ទុបផ្លូវបំបែកជាបួនមិនបន្ថយល្បឿន បានជ្រុលទៅបុករថយន្តកាមរីបាឡែន ដែលកំពុងបទឆ្លង
ផ្លូវចំពីចំហៀងពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខស្ទុបដីអិណ តាមបណ្ដោយផ្លូវនេរុហ៍កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2I.5180 បានបើកបរតាមបណ្ដោយផ្លូវនេរុហ៍ ទិសដៅពីជើងមកត្បួង ហើយមកដល់ផ្លូវកែងបែកជាបួនក៏បានបទឆ្វេងទៅផ្លូវកម្ពុជាក្រោម ខណះឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនប្រុសស្រី៣នាក់ ជិះម៉ូតូម៉ាកហង់ដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP.5491 ជិះឌុបគ្នាតាមបណ្ដោយផ្លូវនេរុហ៍ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ឋនិងមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តកាមរីបាឡែន ចំពីចំហៀងពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្សប្រុសម្នាក់ដែលឌុបរងរបួសធ្ងន់ រីឯនារី២នាក់ដែលអង្គុយពីក្រោយរងរបួសស្រាល។
ប្រភពដដែលបានបន្តថា បន្ទាប់មកក៏មានរថយន្តសាមុយបានមកដឹកជនរងគ្រោះទាំងរបួសធ្ងន់និងស្រាលទៅមន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូនោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបានខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយៈជីម ភារ៉ា