បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់នគរបាលនិងទាហានកម្ពុជាខ្វែងគំនិតគ្នាដ៏ចម្រូងចម្រាសមួយករណីឯកភាពនិងមិនឯកភាពករណីទាហានថៃមួយក្រុមបានដាក់គ្រឿងចក្រធុនធំ២គ្រឿងបន្តបោសសំអាតគ្រាប់មីននៅខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។សកម្មភាពនោះធ្វើនៅចំណុចចន្លោះបង្គោលព្រំដែនលេខ៣០និង៣១ក្នុងភូមិសាស្ត្របានស្រងែ៉ឃុំទ័ពស្តេចស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដែលខាងកម្ពុជាគឺភូមិតាមាំុងនិងភូមិបឹងតាស្រី(មហោស្រព)ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។យោងមន្ត្រីនគរបាលការពារព្រំដែនលេខ៨០៧ស្រុកថ្មពួលអោយដឹងថា:ទាហានថៃបោសសំអាតគ្រាប់មីនតាមខ្សែបន្ទាត់ព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៣០-៣១នោះបានចាប់ធ្វើតាំពីថ្ងៃទី៥ ខែឧសភាមក។
លោកឧត្តមសេនីយ៍ទោ ព្រំ រឿន អនុប្រធាននាយកដ្ឋានព្រំដែនគោកនិងជាមេបញ្ជាការរងគណៈបញ្ជការនគរបាលជាតិប្រចាំទិសភូមិភាគ៥ប្រាប់សារព៍ត័មានតាមទូរស័ព្ទថ្ងៃទី១២ឧសភាថា:សកម្មភាព ការបោសសំអាតមីនរបស់ទាហានថៃនៅបណ្តោយព្រំដែនដូចខាងលើ វាប៉ះពាល់ខ្សែបន្ទាត់ព្រំដែនកម្ពុជាព្រោះទីនោះនិងកន្លែងដទៃទៀត ភាគីទាំង២ ទុកថាជាតំបន់ព្រំដែនមិនទាន់ឯកភាពគ្នានៅឡើយ។លោកនិយាយបន្ថែមដោយខឹងសម្បារថា:”ខាងណាគេអនុញ្ញាត?ខ្ញុំមិនដឹងទេ។ ប៉ុន្តែសម្រាប់កងកម្លាំងនគរបាលការពារព្រំដែនវិញមិនឯកភាពនោះទេ។មិនអាចទទួលយកបានទេ”។លោករំលឹកថា :យោងអនុស្សារណៈយោគយល់ឆ្នាំ២០០០របស់រដ្ឋាភិបាលកម្ពុជានិងថៃ គឺយើងត្រូវរក្សាស្ថានភាព បរិស្ថានព្រំដែននៅដដែល។ហើយល្គឹកណាគណ:កម្មាធិការព្រំដែនប្រទេសទាំង២មិនទាន់ឯកភាព ភាគីណាក៏មិនអាចមិនធ្វើអ្វីអោយប្រែប្រួលបន្ទាត់ព្រំដែនកម្ពុជា-ថៃដែរ។លោកឧត្តមសេនីយ៍ព្រំ រឿន និយាយដែរថា:”ដូចនៅចំណុចបង្គោលព្រំដែនលេខ៣០-៣១ ហ្នុង គេចេះតែថា កូនអូរហ្នុងជាខ័ណ្ឌព្រំដែន។តែធាតុពិតវាមិនទាន់អ្នកណា ឯកសារណាកំណត់ជាផ្លូវការនោះឡើយ”។ប៉ុន្តែរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ភាគីថៃនៅតែបន្តសកម្មភាពនោះ។កងនគរបាលថា មិនយល់ព្រមអោយថៃបោសសម្អាតមីន តែថៃនៅតែធ្វើដដែល។កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជាមិនបានចុះហាមឃាត់ទប់ស្កាត់ដែរ។ប៉ន្តែលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយុទ្ធភូមិភាគទី៥ បានប្រាប់សារព័ត៌មានថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៦ថា :ការបោសសំអាតគ្រាប់មីនរបសភាគីថៃនៅចំណុចខាងលើគឺបោសសម្អាតមីនមនុស្សធម៌។លោកនិយាយបន្ថែមថា :ភាគីថៃគេបានជូនដំណឹងដល់ភាគីកម្ពុជារួចហើយ ហើយនេះក៏អនុវត្តតាមស្មារតីខ្លឹមសារក្នុងកិច្ចប្រជុំយោគយល់គ្នារវាងភាគីទាំងពីរកាលឆ្នាំ២០០៦មក។ក្រុមការងារនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគទី៥និងកងទ័ពភូមិភាគទី១ ក៏បានព្រមព្រៀងគ្នាសម្រួលគ្នាលើការបោសសម្អាតមីននៅចំណុចខ្លះតាមបណ្តោយព្រំដែនដើម្បីគោលដៅមនុស្សធម៍និងសុវត្ថិភាពមនុស្ស។
លោកប្រាប់ឱ្យដឹងទៀតថា :ការបោសសំអាតមីនរបស់ភាគីថៃគឺគេធ្វើនៅខាងលិចអូរព្រំដែនក្នុងភូមិសាស្ត្រប្រទេសថៃដែលយើងបានឯកភាពគ្នាបណ្តោះអាសន្នកន្លងមក។.
ហើយកន្លងមកខាងភាគីកម្ពុជាក៏ធ្លាប់បានដោះមីនតាមខ្សែបន្ទាប់ព្រំដែន ហើយជូនដំណឹងដល់ភាគីថៃដែរ ។ទោះយ៉ាងណា បើភាគីទាំង២មិនឯកភាព មិនយោគយល់ ភាគីណាក៏មិអាចធ្វើបានដែរ៕ ដោយ:ឃិន គន្ធា