សៀមរាប៖ ប្រធានតំបន់របស់អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ និងជលផលកម្ពុជា លោកចាន់ វ៉ាន់សុង ត្រូវបានប្រភពរាយការណ៍ថា បានចាប់រថយន្តមួយគ្រឿងដែលដឹកឈើខុសច្បាប់ រួចដោះលែងវិញ ដែលហេតុការណ៍នេះត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងផល ប្រយោជន៍។តាមភពបានទំលាយឲ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លោកចាន់ វ៉ាន់សុង រួមជាមួយមន្ត្រីរបស់លោក បានស្ទាក់ឃាត់រថយន្តមួយគ្រឿងប្រភេទកាមរីហើម ពាក់ស្លាកលេខ កំពង់ចាម 2A-1741 ដែលធ្វើសកម្មភាពដឹកឈើតាប់ប្រភេទឈើសុក្រំ នៅតាមបណ្តោយផ្លូវគ្រួសក្រហម ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ប្រភពបន្តថា ក្រោយពីឃាត់រថយន្តនោះរួច គេបានអូសរថយន្តនោះទៅទុកនៅក្នុងសាលាឆទានបុស្សក្រឡាញ់ ដើម្បីចចារគ្នា។
ប្រភាពដដែលបន្តថា បន្ទាប់ពីចចារត្រូវរ៉ូវគ្នាជាមួយម្ចាស់រថយន្តដឹកឈើឈ្មោះ ហាក់ រួច លោកចាន់វ៉ាន់សុង ក៏បានដោះលែងរថយន្តនោះវិញ។
ពាក់ព័ន្ធការឃាត់រថយន្តរួចលែងវិញនេះ លោកចាន់ វ៉ាន់ សុង បានប្រាប់តាមទូរស័ព្ទថា រូបលោកជាមន្ត្រីអង្គការមិនមានសិទ្ធិឃាត់រថយន្តនោះទេ ហើយលោកក៏មិនបានទទួលផលកម្រៃពីម្ចាស់រថយន្តជាថ្នូរនឹងការដោះលែងនេះដែរ។ លោកវ៉ាន់ សុង រៀបរាប់ថា នៅថ្ងៃនោះលោកបានឃើញរថយន្តនោះខូចនៅតាមផ្លូវ លោកក៏បានទូរស័ព្ទប្រាប់ទៅជំនាញមេព្រៃ ប៉ុន្តែពុំមានអ្នកទទួល ដូច្នេះលោកក៏នាំគ្នាចេញពីកន្លែងនោះទៅ។
ពាក់ព័ន្ធនឹងសកម្មភាពដឹកឈើរបស់ឈ្មោះហាក់នេះ ត្រូវ បានប្រភពពីមន្ត្រីមួយចំនួនបាននិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះថា ឈ្មួញឈើម្នាក់នេះ តែងតែធ្វើសកម្មភាពយ៉ាងគគ្លើន មិនសូវកោតក្រែងសមត្ថកិច្ចទេ ដោយគេតែងតែអួតអាងថា គេអ្នកធំនៅពីក្រោយខ្នងក្នុងខេត្ត សៀមរាប ទើបរូបគេមិនញញើតច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ លោកឡឹង សុខា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះថា នៅថ្ងៃនោះពុំមានអ្នករាយការណ៍ប្រាប់លោកពីករណីនេះទេ។ លោកថា លុះព្រឹកឡើងទើបមេរបស់លោកសួរនាំ ទើបលោកដឹងរឿង តែអ្វីៗហួសអស់ទៅហើយ លោកបន្តថា បើមានអ្នករាយការណ៍ ករណីមានរថយន្តដឹកឈើដូចនេះទៀតនឹងសុំគោលការណ៍ថ្នាក់លើដើម្បីបង្ក្រាបឲ្យទាន់ពេលវា៕ វេហាស៍