សៀមរាប៖ ប្រជាពលរដ្ឋក្នុងស្រុកពួកចំនួន៣២៤គ្រួសារ ដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៣ ខែឧសភា បានទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមខត្តសៀមរាប។អំណោយដែលផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះនេះ ត្រូវបានយកទៅចែកជូនដោយលោកជំទាវ គួយណាលី ឃឹម ប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកអ៊ុន សំអន នាយកសាខាកាកបាតក្រហមខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៣២៤គ្រួសារ មកពី២៤ភូមិក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុងម្នាក់ទទួលបានសង្ក័សីចំនួន១០សន្លឹក អង្ករ២៥គីឡូក្រាម ថវិកាចំនួនបីម៉ឺនរៀល ។
ឯកឧត្តម ឈឹម មា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានសម្តែងនូវការសោកស្តាយបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ និងដោយសារអាកាសធាតុប្រែប្រួល សូមឲ្យបងមានការប្រុងប្រយ័ត្នខ្ពស់។
ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ វាតិចតួចក៏ពិតមែនតែវាបានជួយសម្រាលទុក្ខលំបាកបងប្អូនបានខ្លះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានលោក តែងតែគិតគូររាល់ទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះជានិច្ចជាកាលពីព្រោះកាកបាទក្រហមកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះនូវទូទាំងព្រះរាជាណាចក្រកម្ពុជា៕ វេហាស៍