ខេត្តព្រះវិហារ បច្ចុប្បន្ននេះអង្គការស៊ីម៉ាក់ដែលមានភារកិច្ចបោះសម្អាតផ្ទៃដីដែលមានគ្រាប់មីនមិនទាន់ផ្ទុះដែលមានមូលដ្ឋានក្នុងឃុំស្រអែមស្រុកជាំក្សាន្តនៅតែបន្តរាវរកគ្រាប់មីនស្ថិតនៅឃុំយាងនិងឃុំកន្ទួតស្រុកជាំក្សាន្តលើផ្ទៃដីចំនួន៥ពាន់ហិកតាដែលស្នើសុំដោយក្រុមការងារពិសេសថ្នាក់ជាតិចំណុះទីស្តីការគណះរដ្ឋមន្ត្រី។
សេចក្តីរាយការណ៍បានអោយដឹងថាឃុំយាងនិងឃុំកន្ទួតជាអតីតទឹកដីមានសង្គ្រាមស៊ីវិលនិងជាសមរភូមិក្តៅរវាងទាហានខ្មែរក្រហមនិងទាហានសម័យរដ្ឋកម្ពុជាគឺវាអាចបន្សល់ទុកគ្រាប់មីនមិនទាន់ផ្ទុះកប់ក្នុងដីមួយចំនួន។
អាជ្ញាធរមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ថាផ្ទៃដីចំនួន៣០០ហិកតាក្នុងចំណោមផ្ទៃដីដោះគ្រាប់មីនចំនួន៥ពាន់ហិកតាដែលប្រតិបត្តិការរំដោះគ្រាប់មីនដោយអង្គការស៊ីម៉ាក់ត្រូវបានប្រគល់ជាជំហានទី១ជូនក្រុមការងារពិសេសថ្នាក់ប្រចាំព្រំដែនប្រាសាទព្រះវិហាររួចហើយកាលពីថ្ងៃទី១០ឧសភា២០១៦ថ្មីៗនេះ។អង្គការស៊ីម៉ាក់កំពុងបន្តរាវរកនិងដោះគ្រាប់មីនបន្តទៀតដើម្បីឈានទៅបញ្ចប់គម្រោងដោះមីនចំនួន៥ពាន់ហិកតា។
អាជ្ញាធរមូលដ្ឋានបន្តថាក្រុមការងារពិសេសថ្នាក៉ជាតិនឹងរៀបចំបែងចែកផ្ទៃដីដែលដោះមីនរួចអោយទៅប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តក្នុងមួយគ្រួសារទទួលបានរបបគោលនយោបាយដីកសិកម្មបន្ថែមចំនួន០២ហិកតាសម្រាប់ធ្វើស្រែចម្ការដើម្បីលើកស្ទួយជីវភាពរស់នៅអោយកាន់តែប្រសើរ។
មន្ត្រីអង្គការស៊ីម៉ាក់បានអោយដឹងថាផ្ទៃដីដែលបោសសម្អាតគ្រាប់មីនរួចមានចំនួន៣រយហិកតាលើឃុំចំនួន០២គឺឃុំយាងនិងឃុំកន្ទួត។មន្ត្រីបន្តថាភូមិកំពេញឃុំយាងមានផ្ទៃដីដោះមីនរួចចំនួន៧០ភាគរយនិងភូមិស្រអែមត្បូងមានផ្ទៃដីដោះមីនរួចចំនួន៣០ភាគរយលើផ្ទៃដីដោះមីនរួចចំនួន៣រយហិកតា។
មន្ត្រីដដែលបញ្ជាក់ថាលទ្ធផលបោសសម្អាតផ្ទៃដីមានគ្រាប់មីនបានចំនួន៣រយហិកតាគិតចាប់តាំងពីថ្ងៃទី១១មីនាដល់១០ឧសភាឆ្នាំ២០១៦។ចំនួនគ្រាប់មីនដែលអង្គការស៊ីម៉ាក់រំដោះបានពីផ្ទៃដីខាងលើលោកមិនចាំទេទាល់តែពិនិត្យមើលក្នុងរបាយការណ៍សិន៕