ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ដោយឡែកនៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះនៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងនិងរៀបចំរមណីយដ្ឋានអង្គរ បានសហការរៀបចំទីតាំងសង់ព្រះពន្លាជ័យ វេទិកា ជម្រកគោឧសភរាជ និងទីកន្លែងសម្រាប់ដង្ហែស្តេចនាគនិងមេហួរ។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររៀបចំពិធីបុណ្យជាតិ-អន្តរជាតិ សាលាខេត្តសៀមរាប និងគ្រឹះស្ថានអង្គរលើការងាររៀបចំព្រះស្រែ ដាំស្មៅ ស្រោចស្មៅ រៀបចំបង្គន់អនាម័យ រៀបចំស្តង់តាំងពិព័រណ៍ការងារនានា ចងបដាពាក្យស្លោករក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់ក្រុមការងារ និងប្រជាជន រួមទាំងគ្រប់កិច្ចការដែលបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យនេះ៕