ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស៣៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប ការជួញដូរគ្រឿងញៀន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥, ១៦ និង១៧ ខែឧសភានេះ ក្នុងភូមិសាស្ត្រខណ្ឌចំនួន៦ ដែលបានប្រព្រឹត្តិ បទល្មើសចំនួន៨ករណី។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប រយៈពេល៣ថ្ងៃ កន្លងមកនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន មនុស្សចំនួន៣៧នាក់ ក្នុងនោះមានស្រី ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធ និងបទល្មើសជួញដូរគ្រឿងញៀន ចំនួន៨ករណី ហើយក្នុងប្រតិបត្តិការ នេះដែរ កម្លាំងជំនាញ បានដកហូត គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) បានចំនួន៦១កូនកញ្ចប់ ជញ្ជឹងថ្លឹងចំនួន២ ដាវចំនួន២ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
មន្ត្រីនគរបាលដដែល បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ អធិការដ្ឋាននគរបាល ខណ្ឌចំការមន បង្ក្រាបបាន ១ករណី ឃាត់ខ្លួនមនុស្ស៧នាក់ អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បង្ក្រាបបាន ១ករណី ឃាត់ខ្លួន បានមនុស្ស៤នាក់ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បង្ក្រាបបាន ២ករណី ឃាត់ខ្លួនមនុស្សបាន ៣នាក់ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បង្ក្រាបបាន២ករណី ឃាត់ខ្លួនបានមនុស្ស២១នាក់ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ១ករណី ឃាត់ខ្លួនមនុស្សបាន ១នាក់ និងអធិការដ្ឋាននគរបាល ខណ្ឌដង្កោរ បង្ក្រាបបាន១ករណី ឃាត់ខ្លួនមនុស្សបាន ១នាក់៕