ខេត្តកំពង់ឆ្នាំង៖ លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បាននិយាយនៅតាមទូរសព្ទ័នៅល្ងាចថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៦នេះ លោកមានការពិបាកខ្លាំងណាស់ចំពោះសមត្ថកិច្ចទាំងអស់ដែលអោយទៅឈរជើងនៅចំណុចភូមិក្តុល ឃុំក្រាំងស្គារ ព្រោះពួកគេមានភាពមិនប្រក្រតីជាមួយបទល្មើសព្រៃឈើនៅក្នុងឃុំមួយនេះ។ លោកបាននិយាយបែបនេះ នៅពេលបទល្មើសព្រៃឈើនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស មានការកើនឡើងច្រើនជាងពេលមុន ដោយសារសមត្ថកិច្ចអសកម្ម។គេពិនិត្យឃើញថានៅតាមផ្លូវលំដីក្រហមចាប់ពីភូមិអូរល្ពៅ ដល់ភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ជាប់ព្រំប្រទល់ ឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិសាត់ មានការដាក់លក់អុសស្ទែររាប់សិបកន្លែង ដែលក្នុងមួយកន្លែងៗមានរាប់សិបម៉ែត្រគូប។ នៅកន្លែងខ្លះគេបានយករថយន្តធំៗទៅបញ្ឈរតំរៀបអុសដាក់លើឡាន ហើយនៅពេលយប់គេចេញដំណើរទៅលក់នៅតាមសិប្បកម្មឡឥដ្ឋគ្រប់កន្លែង ដោយមិនឃើញមានសមត្ថកិច្ចណាទប់ស្កាត់ឡើយ ដោយឡែកទីតាំងសមត្ថកិច្ចចំរុះមានរដ្ឋបាលព្រៃឈើ មាននគរបាល មានកងរាជអាវុធហត្ថ និងយោធា នៅជិតទីតាំងបទល្មើសនេះតែ២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាមើលមិនឃើញទៅវិញ។ ចំណែកនៅជិតដល់ផ្លូវបំបែកស្ពានដែកវិញ គេក៍បានឃើញគោយន្តដឹកអុសស្ទែរ ឈើហ៊ុប និងរថយន្តដឹកឈើហ៊ុបជាច្រើនគ្រឿង បើកដឹឈើបន្តកន្ទុយគ្នាយ៉ាងរំភើយជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនៅក្នុងភូមិក្តុលបានអោយដឹងថា៖ កូនឈើគ្រប់ប្រភេទដែលដែលគេកំពុងដឹកនោះ គឺពួកគេបានកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងទាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិសាត់ ដែលក្នុង១ថ្ងៃៗបានដឹកគោយន្តរាប់រយគ្រឿង ប៉ុន្តែគេបែរជាឃើញសមត្ថកិច្ចគ្រប់អង្គភាពដែលឈរជើងនៅក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ជាអ្នកយកលុយពីបទល្មើសព្រៃឈើរទៅវិញ។ ចំណែក ការចូលទៅកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងការចរាចរណ៍បទល្មើសឈើនេះ គឺគេធ្វើឡើងដោយចំហរតែម្តងគ្មានអ្នកណាទប់ស្កាត់ឡើយ។
លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុសបានបញ្ជាក់ថា៖ ទាក់ទងនឹងបទល្មើសព្រៃឈើនៅក្នុងស្រុកមានការកើនឡើងនេះ លោកធ្លាប់បានប្រជុំដាក់ផែនការជាច្រើនលើក ច្រើនសារ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយបានដាក់កម្លាំងយោធា ប៉េអឹម នគរបាល អោយសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញជួយទប់ស្កាត់បទល្មើសអោយថយចុះ តែពួកគេមួយចំនួនបែរជាទៅដេកចាំយកលុយពីបទល្មើសទៅវិញ រឿងនេះលោកនឹងរាយការណ៍ជូនលោកអភិបាលខេត្ត ដើម្បីជួយមានវិធានការណ៍ទប់ស្កាត់បន្តទៀត។
ដោយឡែកលោក ពារ គឹមហេង នាយផ្នែករដ្ឋបាលព្រៃឈើរមាស មិនអាចសុំការបំភ្លឺបានទេជុំវិញករណីនេះ ដោយទូរស័ព្ទលោក តេចូលតែគ្មានអ្នកទទួល។
ប្រជាពលរដ្ឋបានអោយដឹងឿតថា បទល្មើសព្រៃឈើនៅក្នុងស្រុកទឹកផុស មិនដែលថយចុះឡើយ គឺមរិតតែកើនឡើង ទាំងបទល្មើសដឹកឈើប្រណិតក្នុងឃុំក្បាលទឹក និងបទល្មើសកាប់បំផ្លាញកូនឈើគ្រប់ប្រភេទនៅឃុំក្រាំងស្គារ។ ប្រជាពលរដ្ឋសំណូមពរឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយមានវិធានការណ៍ទប់ស្កាត់បទល្មើសព្រៃឈើ និងភាពអសកម្មរបស់សមត្ថកិច្ចខាងលើនេះផង៕