ខេត្តព្រះវិហារ៖ អាជ្ញាធរផ្អើលឆោទ្បោទៅនឹងសកម្មភាពស្ដ្រីម្នាក់ជាម្ចាស់ដីព្រៃមួយកន្លែងស្ថិតនៅក្បែរថ្នាលបណ្តុះកូនឈើនៃរដ្ឋបាលព្រៃឈើស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែបថាបានប្រើរថយន្តបែននិងគ្រឿងចក្រធ្វើការឈូសឆាយដីនិងជីកស្រះទឹកដោយមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុកនិងអង្គភាពរដ្ឋពាក់ព័ន្ធផ្សេងទៀត។ទីតាំងដីព្រៃនេះចុះពីផ្លូវជាតិលេខ០៩ចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ។ អាជ្ញាធរមានសមត្ថកិច្ចបានរាយការណ៍ប្រាប់អ្នកកាសែតកម្ពុជាថ្មីប្រចាំខេត្តព្រះវិហារអោយដឹងនៅព្រឹកថ្ងៃទី១៧ឧសភា២០១៦ថាដីព្រៃដែលស្ដ្រីម្ចាស់ដីកំពុងឈូសឆាយបោសម្អាតរយះពេលជិត១ខែមកនេះវាហាក់បីដូចជាឈូសឆាយចូលផុតព្រំដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ដីកំពុងឈូសឆាយនេះវាស្ថិតនៅជិតរដ្ឋបាលក្រុមហ៊ុនចិនដាំអំពៅហើយសព្វថ្ងៃនេះហាងឆេងដីនៅម្តុំៗនោះកំពុងទ្បើងថ្លៃវាមានតម្លៃប្រមាណ៩០០ដុល្លារអាមេរិកក្នុង១ម៉ែត្រដើរ។
សេចក្តីរាយការណ៍បានអោយដឹងថាសូម្បីអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តហាក់បីដូចជាបិទភ្នែកទាំង២បណ្តោយអោយស្ដ្រីម្ចាស់ដីសង្ស័យមានអំណាចខ្លាំងជាងអាជ្ញាធរធ្វើកិច្ចការឈូសឆាយដីព្រៃមិនប្រក្រតីដោយរលូន។អាជ្ញាធរបង្ហើបប្រាប់ថាដីព្រៃរបស់ស្ដ្រីម្នាក់ឈ្មោះពៅមុខរបរជាថៅកែដឹកអាចម៍ដីលក់ដ៍ល្បីឈ្មោះម្នាក់នៅខេត្តព្រះវិហារនិងត្រូវជាប្អូនស្រីបង្កើតរបស់អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបច្ចុប្បន្នគាត់ស្លាប់បាត់ហើយ។ស្ដ្រីឈ្មោះពៅជាម្ចាស់ដីខាងលើបានអោយដឹងនៅរសៀលថ្ងៃទី១៦ឧសភាម្សិលមិញថាដីព្រៃខាងលើជារបស់គាត់វាមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវទំហំបណ្តោយប្រវែង១៥០ម៉ែត្រគុណនឹងទទឹងប្រវែង១២០ម៉ែត្រ។គាត់បានប្រើគ្រឿងចក្រជីកស្រះទឹកមួយកន្លែងលើដីខាងលើទំហំ១៥ម៉ែត្រគុណនឹង៥ម៉ែត្រ។ ស្ដ្រីឈ្មោះពៅបន្តថាដីនេះជាដីកម្មសិទ្ធស្របច្បាប់របស់គាត់គឺគាត់ចង់ធ្វើអីមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរស្រុកទេ។គាត់ថ្លែងអោយដឹងដូច្នេះថាមកដល់ពេលនេះមិនមានអាជ្ញាធរស្រុកឆែបនិងអាជ្ញាធរខេត្តព្រះវិហារចុះទៅពិនិត្យសកម្មភាពឈូសឆាយដីនិងជីកស្រះទឹកនោះទេ។
រីឯលោកសុខសាន្តតារាអភិបាលស្រុកឆែបបានថ្លែងអោយដឹងផងដែរថាស្ដ្រីឈ្មោះពៅម្ចាស់ដីខាងលើគាត់បានប្រើគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនិងជីកស្រះទឹកច្រើនថ្ងៃមកហើយប៉ុន្តែគាត់មិនបានមកទំនាក់ទំនងសុំការអនុញ្ញាតធ្វើអ្វីមួយលើដីរបស់គាត់នៅរដ្ឋបាលសាលាស្រុកនោះទេ។មកដល់ពេលនេះគាត់មិនទាន់បានដឹងពីប័ណ្ណកម្មសិទ្ធដីខាងលើមានទំហំផ្ទៃដីពិតប្រាកដប៉ុន្មាននៅទ្បើយទេ៕