ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តសេរីទំនើបបុកជាមួយនឹងរថយន្តសេរីទំនើប១គ្រឿងទៀតម៉ាករ៉េងរ៉ូវ័រ ដែលត្រូវបានគេស្គាល់ថាជារបស់តារាចំរៀងនៅផលិតកម្មថោន លោកខេម និងជាអ្នកបើកបរផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខយ៉ាងពេញទំហឹងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអំរិត បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។
ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើប១គ្រឿងទៀត ម៉ាក CERIKA ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាស គ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ CERIKA ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធម៌ ។ ចំណែកអ្នកបើករថយន្តរ៉េងរ៉ូវ័រ ត្រូវបានគេស្គាល់ថាជាតារាចំរៀងនៅក្នុងផលិតកម្មថោន គឺលោកខេម និងរួមដំណើរដោយនារីម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយៈជីម ភារ៉ា