ប្រមុខ​កងទ័ព​ថៃ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​

បាងកក៖ ​ប្រមុខ​កងទ័ពជើងគោក​ថៃ​បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដោយ​ប្រើ​កងកម្លាំង តាមរយៈ​កញ្ចក​ទូរទស្សន៍​ទៅកាន់​ប្រជាជន​ទាំងអស់​បាន​ដឹង​នៅវេលា​ម៉ោង៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក ប្រា​យុទ្ធ ចន្ទ​អ៊ូ​ឆា ប្រមុខ​កងទ័ពជើងគោក​ថៃ បាន​ថ្លែងថា “​ដើម្បី​ឲ្យ​ប្រទេស​ថៃ​វិលត្រឡប់​ទៅកាន់​សភាព​ធម្មតា​វិញ​ឲ្យបាន​ឆាប់រហ័ស​នោះ គណៈកម្មការ​រក្សា​សន្ដិសុខ​ជាតិ រួម​មាន​កងទ័ព កងកម្លាំងប្រដាប់អាវុធ កងទ័ពជើងទឹក កងទ័ព​អាកាស ប៉ូលិស បាន​សម្រេចចិត្ត​ធ្វើ​រដ្ឋ​ប្រកាស​នៅ​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២​ខែ​ឧសភា ឆ្នាំ ២០១៤“​។​

​លោក​បាន​បន្តទៀតថា ការធ្វើ​រដ្ឋប្រហារ​នេះ​គឺ​ត្រូវ​ធ្វើឡើង​ជា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ជម្លោះ​នៅក្នុង​ប្រទេស​កុំឲ្យ​រីកធំឡើង ក្នុងនោះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​៕

011