មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានព្រមានកាត់ឈ្មោះ ចំពោះមន្ត្រីកងរាជអាវុធហត្ថណា ដែលអសកម្មក្នុងអង្គភាពចោលពីក្របខណ្ឌ និងស្នើឲ្យមន្ត្រីកងរាជអាវុធហត្ថក្នុងអង្គភាពទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចប្រសិនបើចង់ឡើងឋានន្តរស័ក្កិ ។ លោកថ្លែងបែបនេះក្នុងពិធីបំពាក់ឋានន្តរស័ក្កិ និងតែងតាំងផ្លាស់ប្ដូរមុខងារថ្មីដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៨ឧសភាឆ្នាំ២០១៦នេះ ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ក្នុងអង្គភាពទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយ នាយ ហាមដាច់ខាតយកតួនាទីបុណ្យស័ក្កិរបស់ខ្លួន ទៅគំរាមគំហែងធ្វើបាប់ប្រជាពលរដ្ឋ ។ ហើយការតម្លើងសក្តិដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តនាពេលនេះ គឺជា ការលើកទឹកចិត្ត ដល់អ្នកមានស្នាដៃល្អចំពោះការខិតខំ បំពេញភារៈកិច្ចជូនជាតិ ជូនប្រជាពលរដ្ឋនាពេលកន្លងមក ។ ចំណែកអ្នកផ្សេងៗទៀតដែលមិនទាន់ទទួលបានការតម្លើងសក្តិឬតួនាទីថ្មី សូមកុំគិតថានេះជាការតម្លើងសក្តិតាមខ្សែឬបក្ខពួកឲ្យសោះព្រោះ ថាការតម្លើងសក្តិ គឺថ្នាក់លើតែងគិតគូធ្វើជូនដល់អស់លោកគ្រប់គ្នាៗឲ្យតែបំពេញតួនា ទីភារៈកិច្ចបានល្អប្រសើរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ជម្រុញមន្ត្រីដែលទទួលបានការតម្លើងសក្តិ និងតួនា ទីថ្មីនេះត្រូវខិតខំបន្តធ្វើកិច្ច ការរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបំពេញការងារជូន ប្រទេសជាតិ ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបច្ចុប្បន្នលោក តែងយកចិត្តទុកដាក់ខ្ពស់ ដល់ជីវភាពរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទជាពិ សេសរាជរដ្ឋាភិបាលបានធ្វើការតម្លើងប្រាក់បៀវត្សជូនដល់កម្លាំងទាំងបីប្រភេទ ដើម្បី ជួយសម្រួលដល់ជីវភាពគ្រួសារផងដែរ ។
ក្នុងពិធីនោះដែរ គឺមានការផ្លាស់ប្តូរមុខងារជូននាយអាវុធហត្ថចំនួន៥រូប តម្លើង ឋានរន្តសក្តិថ្នាក់អនុសេនីយ៍ឯកចំនួន៩រូប តម្លើងឋានរន្តសក្តិថ្នាក់អនុសេនីយ៍ទោចំនួន ៨រូប តម្លើងឋានរន្តសក្តិថ្នាក់អនុសេនីយ៍ត្រីចំនួន៣រូប តម្លើងឋានរន្តសក្តិថ្នាក់នាយ ចំណង់ចំនួន៩រូប និងតម្លើងឋានរន្តសក្តិពលបាលឯកចំនួន៩រូប ៕ដោយប៊ូស្រា