ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ជាម្តាយបានកាន់រូបថតកូនស្រីមួយសន្លឹក ស្វែងរកអ្នកកាសែត និងទូរទស្សន៍អោយជួយផ្សាយរកនៅល្ងាច ថ្ងៃទី១៩ ខែឧសភា ព្រោះកូនស្រីបានចេញពីផ្ទះបាត់នៅថ្ងៃទី១១ ខែឧសភា មិនដឹងមូលហេតុ និងមិនដឹងថានាងទៅទីណាដោយយកទៅជាមួយនៅ ម៉ូតូមួយគ្រឿងទៀត ។ ចំណែក ប្តីរបស់នាង បានរុះរើកូនផ្ទះដែលធ្លាប់រស់នៅ យកទៅផ្ទះម្តាយបង្កើតវិញ ជាមួយនិងកូនស្រីអាយុ៧ឆ្នាំ ដោយសំអាងថា ប្រពន្ឋបានចុះចោលទៅហើយគេត្រូវតែត្រឡប់ទៅស្រុកកំណើតវិញ។ ស្រី្តជាម្តាយឈ្មោះ ឡាច ម៉ុន អាយុ៥២ឆ្នាំ រស់នៅ ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ បាននិយាយអោយដឹងថាៈ ស្ត្រីជាកូនស្រីមានឈ្មោះ កែវ ស្រីមុំ អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រនៅស្វាយជ្រុំ ឯប្តីនាងមានឈ្មោះ ម៉ៅ ទិត្យ អាយុ២៦ឆ្នាំជាកម្មករសំណង់ ធ្វើការ២ទៅ៣ថ្ងៃមកផ្ទះម្តង រស់នៅ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ក្រោយពីសែនព្រែនតាមប្រពៃណី យកគ្នាជាប្តីប្រពន្ធ ពួកគេទាំងពីរនាក់បានកូនស្រីម្នាក់ ឈ្មោះ ស្រី ចន្ទ័ អាយុ៦ឆ្នាំ ។
ស្ត្រីជាម្តាយបានបន្តថាមិនថាៈ កូនស្រីគាត់ និងប្តីមិនដឹងមានទំនាស់ឈ្លោះគ្នាយ៉ាងណានោះទេ
ស្រាប់តែកាលពីព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ នាងបានចេញពីផ្ទះដោយទូរសព្ទ័ប្រាប់គាត់ថាៈ មិនបានទៅធ្វើការនៅរោងចក្រនោះទេ ព្រោះរវល់ទៅចួលរួមពីធីបុណ្យមិត្តភក្រ័ នៅក្បែររោងចក្រ រហូតម៉ោង៥ល្ងាច នាងបានទូរសព្ទ័មកប្រាប់ទៀតថា មិនទាន់បានទៅផ្ទះទេ គឺដេកនៅកន្លែងបុណ្យហើយ ។ នៅល្ងាចថ្ងៃទី ១២ ខែឧសភា ទើបកូនស្រីគាត់ទូរ សព្ទ័មកប្រាប់ថាៈ នៅដេករោងបុណ្យមួយយប់ទៀត ហើយក៏បានបិតទូរសព្ទ័និងបាត់ដំណឹងរហូត ។
នៅរសៀលថ្ងៃទី១២ ខែឧសភា នោះដែរប្តីកូនប្រសារគាត់បានត្រឡប់ពីធ្វើការវិញ មិនឃើញប្រពន្ឋ ក៏មិនមាត់កអ្វីដែរ ហើយក៏មកយកកូនស្រី ដែលផ្ញើនឹងគាត់ យកទៅដេកនៅជាមួយទៅ ។ ចាប់តាំងពីពេលនោះមក ទូរសព្ទ័របស់កូនស្រីគាត់ បានបិទរហូ ទូរសព្ទ័មិនចូលសោះ ។ចំណែកកូនប្រសារគាត់វិញមុខស្ងួតរហូត ដល់ថ្ងៃទី១៧ខែ ឧសភា គេបានរើឥវ៉ាន់និងបានរុះយកគ្រឿងផ្ទះមួយចំនួន រួមនិងកូនស្រីផង ចាកចេញទៅផ្ទះរបស់គេ នៅភូមិត្រពាំងអញ្ចាញវិញ ដោយគ្រាន់តែនិយាយ ថា៖ “ គេចុះបានចោលខ្ញុំហើយ តើខ្ញុំនៅធ្វើអី ?”។
ស្ត្រីជាម្តាយមានក្តីព្រួយបារម្មណ៏យ៉ាងខ្លាំងចំពោះកូនស្រី ខ្លាចក្រែង ប៉ះចំជនខិលខូចអូសទាញ យកទៅបោកប្រាស់ដោយប្រការណាមួយ គាត់បានសំណូមពរតាមអ្នកកាសែត និងទូរទស្សន៍មេត្តាជួយផ្សាយ អោយកូនស្រីវិលត្រឡប់មកផ្ទះវិញ ដោយគាត់ជាម្តាយមិនប្រកាន់ទោសពៃអ្វីនោះទេ។ ម្យ៉ាងទៀត សូមអំពាវនាវ ដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ទីកន្លែង សូមមេត្តាជួយរកកូនស្រីគាត់យកតែបុណ្យផងចុះ បើបានឃើញនាងកន្លែងណាដូចមានរូបថតនេះ សូមមេត្តាជួយទូរសព្ទ័មកប្រាប់គាត់ជាម្តាយ តាមរយៈ ទូរសព្ទ័លេខ ០៩៧ ៥២ ១៤ ៨០៥ នេះដោយសេចក្តីអនុគ្រោះផងចុះ ៕