មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាបុណ្យយ៉ាងធំក្រៃលែង សម្រាប់ជាតិយើង ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយនៅតាមប្រទេសមួយចំនួនលើសកលលោកដូចជាៈប្រទេសស្រីលង្កា ប្រទេសឥណ្ឌា ប្រទេសនេប៉ាល ប្រទេសថៃ និងប្រទេសឡាវជាដើម ថ្នាក់ដឹកនាំ តែងតែនាំប្រជាពលរដ្ឋ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ចូលរួមក្នុងបុណ្យវិសាខបូជា ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមថ្លៃង នៅក្នុងពិធីបុណ្យវិសាខបូជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ នៅរង្វង់មូលគោព្រៃ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។ ក្នុងពិធីបុណ្យនេះដែរ មានការចូលរួមពីអាជ្ញាធរខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ២៣០០នាក់។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ពិធីបុណ្យនេះកន្លងមក នៅក្នុងខេត្តមណ្ឌលគីរី ឃើញមានតែព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ តែងតែធ្វើនៅតាមវត្តអារាម និងមានការចូលរួមតិចតួចណាស់ ដោយយុវជន និងពុទ្ធបរិស័ទមួយចំនួនតូច ហាក់បីដូចជាប្រងើយកន្តើយមិនយល់ច្បាស់អំពីខ្លឹមសារសំខាន់ នៃពិធីបុណ្យនេះឡើយ ស្ទើរតែមិនដឹងថា ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យវិសាខបូជាផងដែរ។
បន្ទាប់មក ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាចូលរួមគោរពប្រតិបត្តិ និងលើស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ អោយកាន់តែរុងរឿងឡើង សមជាសាសនា ដែលពិភពលោកគេស្ងប់ស្ងែង និងគោរពបូជា ។
ក្រោយមកឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំព្រះសង្ឃ និងមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ដែលបានសហការរៀបចំពិធីបុណ្យវិសាខបូជា សម្រាប់ ព.ស២៥៦០ នេះឡើងប្រកបដោយអធិកអធ័ម គួរជាមោទនភាព និងជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនា ។
នៅក្នុងពិធីបុណ្យនេះដែរថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ បានធ្វើការដង្ហែចំនួនមួយជុំ និងរាប់បាតដល់ព្រះសង្ឃចំនួន៨៤អង្គ ៕ដោយប៊ូស្រា