ខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាមួយ ស្តីពីការលើកកម្ពស់អភិបាលកិច្ចល្អ មូលដ្ឋាន តាមរយៈវិទ្យុ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯ.ឧប៊ុន ថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់លោកសន អែលមើសលេខាទី១ទទួលបន្ទុកកិច្ចសហការអភិវឌ្ឍន៍ របស់ស្ថានទូតអូស្ត្រាលីដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុកកងកម្លាំងសមត្ថកិច្ចនិង មន្ត្រី
ការិយាល័យវិទ្យុ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៤ ក្រោមកិច្ច សហការរវាងមន្ទីរព័ត៌មានខេត្តសៀមរាបជាមួយសាជីវកម្មសោធទស្សន៍អូស្ត្រាលីប្រចាំនៅកម្ពុជា។ ក្នុងកិច្ចស្វាគមន៍របស់លោកកែវ ពេជ្រនិមលប្រធានមន្ទីរព័ត៌មានខេត្តក៏បានលើកឡើងពីគោលបំណង នៃ អង្គសិក្ខាសាលា ដើម្បីពង្រឹង ពង្រីក នូវកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយតាម
វិទ្យុFMជាតិនគរភ្នំ ក្នុងកម្មវិធី សន្ទនាមតិ នាទីស្រុកយើងឲ្យកាន់តែបានទូលំទូលាយទៅដល់សហគមន៍ ក្នុងន័យអប់រំចំណេះដឹង ការផ្សព្វផ្សាយ អំពី សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានការងារអភិបាលកិច្ចល្អនៅតាមមូលដ្ឋាន និង គណនេយ្យភាពតម្លាភាព លើគម្រោង អភិវឌ្ឍន៍នៅតាមជនបទ ។ ម្យ៉ាងទៀតក៏ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់និង
ចូលរួមជាមតិតាមរយៈទូរស័ព្ទ វិទ្យុ ដោយចោទជាសំណួរមកថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់គ្រងដែលជាវាគ្មិន នូវរាល់គម្រោងទាំងឡាយដែលមិនប្រក្រតី មាន ការប៉ះពាល់ និង មានភាពអវិជ្ជមានផងដែរ។ បន្ទាប់ពីលោកសន អែលមើសលេខាទី១ទទួលបន្ទុកកិច្ចសហការអភិវឌ្ឍន៍ របស់ស្ថានទូតអូស្ត្រាលី លើក ឡើងពីអត្ថប្រយោជន៍ នៃការសន្ទនាមតិគ្នាតាមរយៈ
ទូរស័ព្ទ វិទ្យុ គឺជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋសម្រាប់បញ្ចេញ ជាទស្សនៈ មតិយោបល់អំពីទុក្ខកង្វល់ដែលមានកើតនៅតាមមូលដ្ឋាន ដែលទាក់ទងរវាងប្រជាពលរដ្ឋ ជាមួយវិស័យ ឯកជន សង្គមស៊ីវិលសមត្ថកិច្ច មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ជូនសាធារណៈជន ប្រកបតុល្យភាព តម្លាភាព ប្រសិទ្ធិភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ ។ មានប្រសាសន៍នោះដែរក្នុងនាមឯ.ឧឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត ឯ.ឧប៊ុន ថាប្ញទ្ធិក៏បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហការរវាងមន្ទីរព័ត៌មានខេត្ត និង
អង្គភាពក្រុមផ្សព្វផ្សាយអូស្ត្រាលីក្រោម ជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការឧបត្ថម្ភគាំទ្រ ទាំងការបណ្តុះបណ្តាលសមត្ថភាពជំនាញសម្ភារៈ បច្ចេកទេសបម្រើឲ្យការផ្សព្វផ្សាយរបស់វិទ្យុនគរភ្នំ ក្នុងការរួមចំណែកដ៏មានប្រសិទ្ធភាពនិង លើកកម្ពស់នូវ គោលនយោបាយអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមក៏បានមានចំណាប់អារម្មណ៍ផងដែរថាកម្មវិធី សន្ទនាមតិ (នាទីស្រុកយើង) របស់វិទ្យុFMជាតិនគរភ្នំខេត្តសៀមរាប បានផលិតនូវកម្មវិធី
ល្អៗប្រកបដោយខ្លឹមសារ មានគុណភាព ប្រជាប្រិយភាពនិង បានផ្តោតសម្ខាន់លើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋនិង សេវាកម្មបម្រើប្រជា ពលរដ្ឋ ប្រកមដោយតម្លាភាព គណនេយ្យភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរួមចំណែកលើកកម្ពស់អភិបាល កិច្ចល្អ ។ ឯ.ឧប៊ុន ថាប្ញទ្ធិបានបន្តទៀតថាកត្តាទាំងនេះហើយ បានឆ្លុះបញ្ចាំងឲ្យឃើញនូវការទំនាក់ទំនងល្អ
រវាង ប្រជាពលរដ្ឋ និង អាជ្ញាធររវាងម្ចាស់ឆ្នោត និងអ្នកជាប់ឆ្នោត រវាងភាគីសំណូមពរ និង ភាគីឆ្លើយតប ដែលជាការបង្កើននូវការជឿទុកចិត្ត ក្នុងការបំពេញភារកិច្ចរបស់វាគ្មិន ព្រមទាំងទទួលបាននូវការផ្តល់ព័ត៌មានជាក់លាក់និង បានស្តែង ឲ្យឃើញពីការលើកកម្ពស់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋក៏ដូចការបង្ហាញពីការរីកចម្រើនខាងស្មារតី ចំណេះ ដឹង និង ជីវភាពសង្គមផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វការថ្លែងអំណរគុណអស់លោក លោកស្រីដែលជាវាគ្មិន កិត្តិយស
ក្នុងការសន្ទនាមតិ ក្នុងការផ្តល់ព័ត៌មាន ឆ្លើយតបបំភ្លឺ និង ដោះស្រាយចម្ងល់ សំណូមពររបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងភ្ញាក់រលឹក សហការប្រកបដោយប្រសិទ្ធភាពអំពីគោលនយោបាយរាជរដ្ឋាភិបាល គោលការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាលនិង រដ្ឋបាលគ្រប់ថ្នាក់ ជា មួយនឹងប្រជាពលរដ្ឋ ។ ឯ.ឧប៊ុន ថាប្ញទ្ធិក៏បានសំណូមពរដល់វាគ្មិនតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវ យកចិត្តទុកដាក់ខ្ពស់ លើ
ការបកស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដោយប្រើប្រាស់រយៈពេលខ្លី តែមានសារៈ សម្ខាន់ ក្នុងការប្រាស្រ័យជាមួយប្រជាពលរដ្ឋ ក្នុងឱកាសសន្ទនាតាមរយៈទូរស័ព្ទដោយផ្ទាល់ ដែលធ្វើឲ្យអ្នកស្តាប់ ទទួលបានការយល់ដឹង ចំណេះដឹងជាមូលដ្ឋាន ក្នុងការលើកកម្ពស់សុខមាលភាពសង្គមសម្ខាន់បច្ចេកទេសការដាំដុះ សំដៅលើកកម្ពស់ជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋទៀតផង ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថាសិក្ខាសាលានេះ អស់លោក លោកស្រី នឹងបន្តពង្រឹងនូវកិច្ចសហការ ចូលរួមចំណែកបង្កើននូវវិធីសាស្ត្រថ្មីៗប្លែកៗ ក្នុងការផ្សព្វផ្សាយ ការអប់រំដល់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានតាមរយៈលំហូរព័ត៌មានប្រកបដោយតម្លាភាព និង ប្រជាប្រីយ៍ភាពទៀតផង ៕