មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងប្រគល់អណ្តូងស្នប់ទឹកស្អាតចំនួន១កន្លែង ដែលជាអណ្តូងស្នប់លើកទី០៦ និងជាលើកចុងក្រោយបង្អស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អ៊ឹម ឈុនលឹម និងលោកជំទាវ សម្រាប់ផ្តល់ជូនដល់សាលាបឋមសិក្សាកោះម្យើល ស្ថិតនៅក្នុងឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ពិធីនេះដែរ មានការចូលរួមពីសំណាក់លោកជំទាវ អាយស៊ី សុគន្ធារី អភិបាលរង លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិកោះម្យើលលើ និងភូមិកោះម្យើលក្រោម ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការផ្តល់អណ្តូងស្នប់នៅឃុំណងឃីឡឹកជាលើចុងក្រោយបង្អស់ហើយ សម្រាប់ស្រុកកោះញែក ដែលមានចំនួន៦ឃុំ ដែលបានផ្តល់ជូននៅតាមសាលារៀន ដើម្បីឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានទឹកយកទៅប្រើប្រាស់ផ្សេងៗ នៅក្នុងសាលារៀន។ បន្ទាប់មក ឯកឧត្តមបានជម្រុញឲ្យអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ចូលរួមសហការជាមួយអ្នកម៉ៅការជីកអណ្តូង ធ្វើយ៉ាងណាឲ្យអណ្តូងមានលក្ខណៈស្តង់ដារល្អ និងមានគុណភាព ហើយអាចធានាប្រើប្រាស់ទឹកបានយូរអង្វែង ម្យ៉ាងទៀត បើជីករួចរាល់ ត្រូវឲ្យក្រុមបច្ចេកទេសមកពិនិត្យទឹក ដើម្បីរកនូវសារធាតុផ្សេងៗ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចាប់ពីខែមេសា និងខែឧសភានេះ នៅគ្រប់ស្រុកទូទាំងខេត្តមណ្ឌលគិរី គឺទទួលបានទឹកភ្លៀងមួយចំនួនផងដែរ ដូច្នេះសូមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក ដែលមានផ្ទៃដីដាំដុះស្រូវវស្សាច្រើនជាងគេ ត្រូវមានវិធានការត្រៀមបម្រុងទប់ទំនប់ និងលើកភ្លឺស្រែ ព្រមទាំងត្រូវភ្ជួររាស់ដីឲ្យបានស្អាត និងត្រូវសាប ឫព្រោះឲ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះ ជាពិសេស ត្រូវជ្រើសរើសពូជស្រូវដែលអាចធន់នឹងអាកាសធាតុបាន។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកនូវវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋចំនួន២៦០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានសារុងចំនួន០១ និងបន្ថែមនូវដំណាំគ្រាប់ពូជបន្លែចំនួន៥មុខ៖ មានគ្រាប់ត្រសក់ សណ្តែកគួរ ស្ពៃចង្កះ ស្ពៃខៀវ ស្ពៃក្រញ៉ាញ់ និងផ្តល់ស្រូវដំណើ បស្បៃមង្គលចំនួន២០គីឡូក្រាម ដោយឡែកសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទទួលបានសៀវភៅ ប៊ិច និងសម្ភារៈកីឡាមួយចំនួនផងដែរ៕ដោយប៊ូស្រា