ខេត្តព្រះវិហារ¶ មកដល់វេលាម៉ោង០២និង៣៥នាទីរសៀលថ្ងៃទី២១ឧសភានេះជំនាញមេព្រៃខេត្តព្រះវិហារមិនទាន់ដំណើរការរើទំលាក់ឈើអារចំនួន០៣រថយន្តយីឌុបនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនៅទ្បើយទេដោយសារកំពុងដើររកជួលកម្លាំងកម្មករមកលីសែងឈើចេញពីរថយនុ្ត។
រថយន្តយីឌុបដឹកឈើទាំង០៣គ្រឿងនេះត្រូវបានជំនាញមេព្រៃចាប់ឃាត់នៅយប់ថ្ងៃទី២០ឧសភា២០១៦លើដងផ្លូវជាតិលេខ៦២ស្ថិតនៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងព្រះវិហារដោយមានការសង្ស័យដឹកលើសបរិមាណឈើដែលច្បាប់បានអនុញ្ញាត។វាដឹកជញ្ចូនចេញពីស្រុកជាំក្សាន្តខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំក៍ត្រូវជំនាញឆ្មក់ចុះត្រួតពិនិត្យនិងចាប់ឃាត់ទុកតែម្តងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ។
ជំនាញមេព្រៃបានអោយដឹងថាបន្ទាប់ពីឃាត់និងពិនិត្យមើលច្បាប់រួចហើយទើបដឹងថារថយន្តយីឌុបទាំង០៣គ្រឿងបានដឹកឈើអារលេខ២ប្រភេទឈើត្រាចឈើខ្លុងលើសចំណុះដែលបានចែងក្នុងលិខិតអនុញ្ញាតដឹកជញ្ជូន។នៅក្នុងច្បាប់ចេញដោយរដ្ឋបាលព្រៃឈើក្នុងរថយន្តចំនួន០៣គ្រឿងនេះត្រូវបានអនុញ្ញាតអោយម្ចាស់ឈើអាចដឹកចាប់ពី៨ម៉ែត្រគូប១០ម៉ែត្រគូបនិង១៣ម៉ែត្រគូបប៉ុណ្ណោះប៉ុន្តែជាក់ស្តែងរថយន្តទាំង០៣គ្រឿងផ្ទុករហូតដល់ប្រមាណ៤០ម៉ែត្រគូបក្នុង១រថយន្ត។
មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថាឈើដែលរកឃើញជាក់ស្តែងផ្ទុកលើសចំណុះដែលច្បាប់បានអនុញ្ញាតនឹងត្រូវផាកពិន័យបង់ប្រាក់ចូលរដ្ឋ១គុណនឹង៣លើបរិមាណឈើនិងតម្លៃទឹកលុយសរុប។តាមដឹងតម្លៃឈើលេខ២ដែលរដ្ឋតម្រូវអោយម្ចាស់ឈើបង់ប្រាក់ផាកពិន័យគឺគិតថ្លៃប្រមាណ៩០ម៉ឺនរៀលក្នុង១ម៉ែត្រគូបបើគុណនឹង៣ស្មើនឹង២លាន៧សែនរៀលក្នុង១ម៉ែត្រគូប ៕