បន្ទាយមានជ័យះ នៅក្នុងខេត្តបន្ទាយមានជ័យរថយន្តចង្កូតស្តាំបាននិងកំពុងតែត្រូវប៉ាន់សំរាប់អ្នករកស៊ីហើយក្លាយជារថយន្តដែលពេញនិយមបំផុតសំរាប់អ្នកមានបុណ្យសក្តិនិងអ្នកមានទ្រព្យសម្បត្តិ។សូមបញ្ជាក់ថាខេត្តបន្ទាយមានជ័យគឺជាខេត្តគោលដៅដែលបើកអោយមានការនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងរបស់ស្រុកមួយចំនួននៃខេត្តនេះ ខណះរាជរដ្ឋាភិបាលបើកអោយមានការបង់ពន្ធរថយន្តដែលនៅសេសសល់។ឆ្លៀតឱកាសនេះឈ្មួញដែលមានខ្នងបង្អែកគ្រាក់ៗបាននាំចូលរថយន្តចង្កូតស្តាំចូលមកក្នុងខេត្តទាំងយប់ទាំងថ្ងៃដោយទទួលបានការបើកភ្លើងខៀវពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័។ហើយក្នុងនោះប្រភពបានបង្ហើបដែរថាកូនប្រុសនិងជំនួយរបស់លោកស្នងការខេត្តបន្ទាយមានជ័យក៏ជាឈ្មួញដ៏សកម្មក្នុងរឿងនេះផងដែរ។
បច្ចុប្បន្នរថយន្តចង្កូតស្តាំសេរីទំនើបទាំងនេះគេឃើញអ្នកជិះសុទ្ធតែជាមេទាហ៊ាន មេប៉ូលីស មេប៉េអឹម ឧកញ៉ា និងអ្នកមានទ្រព្យ ហើយកំពុងតែចរាចរណ៍ពាស់ពេញផ្ទៃខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបន្ទាយមានជ័យលោក សួនបវរ បានប្រាប់អង្គភាពPost Newsនៅព្រឹកថ្ងៃទី២៣ខែឧសភានេះថារហូតមកទល់ថ្ងៃនេះលោកមិនទាន់បានទទួលរបាយការណ៍ឬពត៌មានណាមួយពាក់ពន្ធ័នឹងករណីរថយន្តចង្កូតស្តាំនេះនៅឡើយទេ តែលោកនិងដាក់វិធានការទប់ស្កាត់ប្រសិនជាមានការនាំចូលមែន។