ភ្នំពេញ: អាជីវករផ្សារកណ្តាលជាង៨០០តូបបានផ្ទុះការតវ៉ាលើគម្រោងសាងសង់ផ្សារជាថ្មីចំនួន១៨ជាន់ដែលមានអ្នកយល់ព្រមប្រហែល៥នាក់ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ផ្សារកណ្តាល ផ្លូវ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាជីវករតូបលេខ៧១ ឈ្មោះ តាំង គឹមអេង ភេទស្រី អាយុ៥៣ឆ្នាំ មានតូបលក់ដូរជាង២០ឆ្នាំជាងមកហើយបានប្រាប់ថាអាជីវករដែលប្រកបការរកសុីដែលមានតូបជាង៨០០តូបមិនឯកភាពលើគម្រោងសាងសង់ផ្សារកណ្តាលនេះឡើយហើយបានបញ្ជាក់ថាគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ អាជ្ញាធរសាលារាជធានីភ្នំពេញ មិនដែលប្រាប់ជូនដំណឹងនិងអញ្ចើញចូលពិភាក្សាប្រជុំរឿងគម្រោងអភិវឌ្ឍន៍ផ្សារសាងសង់ចំនួន១៨ជាន់ឡើយ។ក្រោយពីទទួលបានដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយនិងអាជីវករប្រមាណ១០នាក់បន្ទាប់ពីចូលរួមប្រជុំជាមួយប្រធានផ្សារកណ្តាលលោក ចាប ឌីណា ក៏មានការប្រមូលស្នាមមេដៃគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សារកណ្តាលនេះបានប្រមាណចំនួនតែ៥នាក់ប៉ុណ្ណោះហើយលេចលឺថាអាជីវករឯកភាពបានជាង៨០ភាគរយហើយ។
លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានប្រាប់ថាមូលហេតុមានគម្រោងសាងសង់នេះដោយផ្សារថ្មជាសំណងចាស់និងមានស្នាមប្រេះស្រាំខ្លាចបាក់ធ្លាក់បង្កការគ្រោះថ្នាក់ជាយថាហេតុនិងបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារនេះបើមិនមានកាតឯកភាពពីបងប្អូនអាជីវករទេក៏មិនដំណើរគម្រោងជាដាច់ខាតហើយបើសិនបានដំណើរគម្រោងមែនគឺមិនមានការវិនិយោគចំនួន៥ឆ្នាំទេ។
អាជីវករបានប្រមូលផ្តុំសំណូមពរសុំផ្អាកគម្រោងសាងសង់ផ្សារជាថ្មីនិងសំណូមពរធ្វើដំបូលផ្សារឈើជាដំបូលរួមតែមួយដោយចំណាយថវិការបស់អាជីវករម្ចាស់តូបរៀងៗខ្លួននិងដោយលើកយកហេតុផលថាការចំណាយពេលសាងសង់នេះមានផលប៉ះពាល់ប្រាក់ចំណូលប្រចាំថ្ងៃនិងការសងបំណុលទៅធនាគារព្រមទាំងថវិកាដោះដើម្បីស្រាយបញ្ហាក្នុងគ្រួសារផ្សេងៗជាច្រើនទៀត។ដោយឡែកអាជីវករក៏សំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ។ដូចចំណុចមួយដែលប្រជាពលរដ្ឋបានរស់នៅលើដីអភិវឌ្ឍន៍របស់រដ្ឋក៏សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយស្ថាប័នពាក់ព័ន្ធផ្តល់កម្មសិទ្ធិរស់នៅស្របច្បាប់៕