ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តសេរីទំនើបម៉ាកLAND CRUISER PRADO ដែលពាក់ស្លាកលេខភ្នំពេញ2AC.8887 បានបើកទៅបុកម៉ូតូToday ពីក្រោយបណ្ដាលឲ្យម៉ូតូរងការខូចខាត តែសំណាងល្អនារីជាម្ចាស់ម៉ូតូរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចច្រកចូល ពហុកីឡាដ្ឋានជាតិអូរឡាំងពិច តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា។
បើតាមប្រភពព័ត៌មានជុំវិញពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគាត់បានជិះម៉ូតូToday ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ 1CQ.2244 បានជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តបង្កម៉ាកLAND CRUISER PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC.8887 បើកបរដោយបុរសម្នាក់ ដែលស្រវឹងស្រាឡើងជោកជាំ ទិសដៅស្របគ្នា ហើយបានមកបុកពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យម៉ូតូរងការខូចខាត រីឯនារីជាម្ចាស់ម៉ូតូ សំណាងល្អបានរងរបួសស្រាល។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានសម្របសម្រួលជាមួយម្ចាស់រថយន្តបង្ក ដោយទាមទារសំណងថ្លៃខូចខាតម៉ូតូចំនួន៥០$ ដោយមិនគិតពីការឈឺចាប់ខ្លួនប្រាណនោះឡើយ តែខាងរថយន្តបង្កឲ្យតែ១$តែប៉ុណ្ណោះ ដោយបុរសបើករថយន្តបង្កនោះដូចជាមិនចង់ទទួលកំហុសរួមទាំងមិនចង់ដោះស្រាយគ្នានៅនិងកន្លែង និងទំនងជាគិតថាខ្លួនមានខ្នងធំនិងមានអំណាចផងនោះ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះនោះទៅកាន់ស្នងការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយគ្នាតាមនៅពេលក្រោយ៕ដោយ៖ជីម ភារ៉ា