(ខេត្តកោះកុង)៖ ស្របពេលរដូវភ្លៀង បានឈានចូលមកដល់នាំមកនូវផលលំបាកដល់ការល្បាត និងការពារតំបន់ព្រំដែននោះ អាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកទៅចែកជូនកងទ័ព នៅតាមតំបន់ព្រំដែនជាបន្តបន្ទាប់។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានបន្តនាំយកអាវភ្លៀងទាំងនេះ ទៅផ្តល់ជូនកងកម្លាំង ដែលឈរជើងការ ពារបូរណភាពទឹកដីនៅតំបន់នោះ។ ពិធីប្រគល់បានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ដោយមានការចូលរួមពីលោក ប៊ុន លើត គណៈអភិបាលខេត្តកោះកុង ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ព្រមទាំងនាយទាហានជាន់ខ្ពស់មួយចំនួនទៀត។
កងកម្លាំង ដែលត្រូវទទួលអាចភ្លៀងនាឱកាសនោះរួមមាន៖ កងទ័ព តំបន់ប្រតិបត្តិការសឹកខេត្តកោះកុង កងរាជអាវុធហត្ថ កងនគរបាលការពារព្រំដែន កងវរសេនាតូចលេខ៣០៣ និង កងកម្លាំងទិសជួរមុខ។ក្នុងកិច្ចសំណេះសំណាលនាពេលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំង ដែលឈរ ជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានឧបត្ថម្ភទាំងស្បៀងអាហារ សម្ភារៈប្រើប្រាស់ ថវិកា ក៏ដូចជាសំណង់អាគារ ទីបញ្ជាការ និង សំណង់អាគារស្នាក់នៅ។ជាក់ស្តែងនាពេលនេះ នៅមុនពេលរដូវវស្សាចូលមកដល់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជាអាវភ្លៀងដល់គ្រប់កងឯកភាពទាំងអស់ នៅតំបន់ព្រំដែនគោក ព្រំដែនទឹក ហើយដែលការផ្តល់នេះ បានធ្វើឡើងជា រៀងរាល់រដូវទាំងរដូវវស្សា និងរដូវរងា។នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់កងកម្លាំង ត្រូវអនុវត្តភារកិច្ចស្នូលឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងភារកិច្ចការខ្សែបន្ទាត់ព្រំដែន និង កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ៕អ៊ួង វឹង