ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្នុងសង្កាត់អូរតាវ៉ៅ បានសម្តែងនូវការខឹងសម្បារ និងមិនពេញចិត្តចំពោះស្តង់ដំឡូងមីមួយកន្លែងរបស់ក្រុមហ៊ុនខ្មែរវិនិយោគកសិកម្ម ដែលមានទីតាំងស្ថិតនៅសងខាងផ្លូវលំ ចំណុចផ្លួវចូលទឹកធ្លាក់ភ្នំខៀវ ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបញ្ចេញក្លិនស្អុយអាសោចពីក្នុងស្រះ ដែលម្ចាស់ក្រុមហ៊ុនបានបង្ហូរទឹកស្អុយចូលស្តុក បង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះផ្លូវដង្ហើម ។ ការសម្តែងនូវការមិនពេញចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ខណៈអ្នកយកព័ត៌មានចុះយកសកម្មភាពបង្ហូទឹកស្អុយរបស់ក្រុមហ៊ុនខាងលើ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរងគ្រោះ បានរៀបរាប់ទាំងអួលដើមករ ថា៖ ពួកគាត់រស់នៅទីតាំងខាងលើនេះជាយូមកហើយ តែក្រោយពីអាជ្ញាធរ ភូមិ សង្កាត់ ក្រុង និងខេត្ត អនុញ្ញាតឱ្យក្រុមហ៊ុនខ្មែរវិនិយោគកសិកម្មសង់ស្តង់ដំឡូងមីមួយនេះ ដាក់ទីតាំងនៅក្បែរផ្ទះពួកគាត់ ខណៈគ្រឿងចក្រកិនមើមដំឡូងមីម្តងៗបណ្តាលឲ្យកំទេចជាតិពុលដំឡូងទាំងនោះហុយចូលទៅក្នុងផ្ទះ និងធ្លាក់ទៅលើដំបូល លុះពេលភ្លៀងម្តងៗទឹកស្រះដែលក្រុមហ៊ុនកាយធ្វើអណ្តូង បានក្លាយទៅជាក្លិនស្អុយអស់រលីង។ ប្រភពព័ត៌មានបន្តថា ៖ ពេលខ្យល់បក់មកម្តងៗបណ្តាលឱ្យជះក្លិនស្អុយអាសោច បង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះផ្លូវដង្ហើម ជាពិសេសកុមារតូចៗកំពុងតែជួបប្រទះ ប្រឈមនឹងជម្ងឺរលាកសួត ផ្លូវដង្ហើម ស្ទើរគ្រប់ៗគ្នា ដោយសារតែក្លិនស្អុយរបស់សារធាតុពុលដំឡូងមីជះចូលក្នុងផ្ទះរបស់ពួកគាត់ទាំងមូល ។ លើសពីនេះទៅទៀត ពេលមាន់ ទា ជ្រូក គោ ចុះផឹកទឹកស្អុយដែលមានសារធាតុពុលហូរ នៅលើដី ក៏បណ្តាលឱ្យពុលងាប់អស់ជាច្រើនផងដែរ ហើយពេលភ្លៀងខ្លាំងទឹកស្អុយទាំងនោះ បានហូរចូលទៅក្នុងផ្ទះរបស់ពួកគាត់ នាំទាំងដង្កូវវាររវីមរវាមចូលទៅជាមួយគួរឱ្យខ្លាចថែមទៀតផង ។
ប្រភពព័ត៌មានបន្តទៀតថា៖ កាលពីមុន ពួកគាត់ធ្លាប់ឃើញខាងអាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានខេត្ត ចុះទៅត្រួតពិនិត្យមើលផងដែរ តែមិនមានវិធានការអ្វីនោះឡើយ ពោលគឺបណ្តែតបណ្តោយឱ្យសារធាតុពុលទាំងនោះនៅតែបង្កគ្រោះថ្នាក់ដល់ពួកគាត់ដដែល ។
ពាក់ព័ន្ធករណីខាងលើ នេះដែរ ត្រួវបានប្រភពព័ត៌មានពីមន្ត្រីបរិស្ថានបង្ហើបដោយ ភ្នែកនៅលើមេឃថា៖ រឿងនេះទៅមិនរួចទេ បើមានមន្ត្រីមួយចំនួនដើមយកលុយ ដាក់ក្នុងហោប៉ៅ ចំណែក លោក គឹម សុខា ប្រធានមន្ទីរបរស្ថានខេត្តប៉ៃលិន មិនអាចទំនាក់ទំនងតាមទូរស័ព្ទបានទេ ព្រោះទូរស័ព្ទក្រៅតំបន់សេវា ៕