សៀមរាប៖ ក្រុមចោ៣នាក់ដែលប្រើកាំភ្លើង AK២ដើម បានបាញ់គម្រាម១គ្រាប់ទៅលើជនរងគ្រោះដែលជាអ្នកលក់ត្រី រួចប្លន់យកគ្រឿងអលង្ការ និងលុយសរុប ជាង៦ពាន់ដុល្លារ។
អធិការនគរបាលស្រុកក្រឡាញ់លោកចាន់ សារ៉េន បានប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤នេះថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី ២៣ខែឧសភាឆ្នាំ២០១៦ ។ លោកបន្តថា តាមការសាកសួរក្រុមជនសង្ស័យមានគ្នា៣នាក់ ស្លៀកពាក់ ស៊ីវិល១នាក់ ស្លៀកពាក់ខោអាវទាហាន ០២នាក់ ប្រដាប់ដោយអាវុធAK ២ដើម បានធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ពរ រិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំនៅ ភូមិត្រពាំងច្រាំង ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកចាន់ សារ៉េន បន្តថា ក្នុងអំពើប្លន់នេះ ជនល្មើសបានបាញ់មួយគ្រាប់គម្រាមជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសទេ។ លោកបញ្ជាក់ថា ចំពោះទ្រព្យសប្បត្តិរបស់ជនរងគ្រះដែលបាត់បង់មាន ខ្សែដៃមាស៥ជី ខ្សែកមាស១តម្លឹង ប្រាក់ថៃ៥ម៉ឺនបាត ប្រាក់ដុល្លារ៥០០ដុល្លារ ប្រាក់រៀល៦លានរៀល។ បន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសបានគេចខ្លួនដោយសុវត្ថិភាព លោកអធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុង ស្រាវជ្រាវរកមុខសញ្ញាជនល្មើសយកផ្តន្ទាទោសតាមច្បាប់៕ វេហាស៍