​លោក​មេភូមិ​ចំការ​តា​ម៉ៅ​មាន​គំរោង​លក់​ស្រះ​ទឹក​រួមមួយ​កន្លែង តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ ​មិន​ឯកភាព​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ​ស្តារ​ស្រះ​នេះ​អោយបាន​ទឹក​ប្រើប្រាស់​វិញ​ផង​

0

ខេត្តកំពង់ឆ្នាំង៖នៅផ្ទះលោក ផៃ សាម៉ន មេភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បានហៅប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិដែលមានចំនួនសរុប១៨៥គ្រួសារ មកប្រជុំផ្សព្វផ្សាយគំរោងលក់ដីស្រះរួមមួយកន្លែងក្នុងភូមិ ដើម្បីយកប្រាក់ទៅទិញដីមួយកន្លែងទៀតធ្វើសាលាបុណ្យនៅក្នុងភូមិ។ ប៉ុន្តែប្រជាជនមកចូលរួមប្រជុំបានតែ១៥នាក់ និងមានប្រជាជនភាគច្រើនមិនឯកភាពអោយលក់ស្រះទឹករួមនេះរបស់ភូមិឡើយ។
លោក ផៃ សាម៉ន មេភូមិចំការតាម៉ៅ នៅក្នុងអង្គប្រជុំខាងលើនេះបាននិយាយអោយដឹងថា៖ស្រះទឹករួមមួយនេះមានទំហំប្រមាណ១៥ម៉ែត្រ គុណនិង២០ម៉ែត្រ និងមានជំរៅជាង៤ម៉ែត្រ ពេលនេះបានរីងទឹកនៅសល់តែបន្តិចបន្ទួចតែប៉ុណ្ណោះ។ ម្យ៉ាងទៀតស្រះទឹកនេះបច្ចុប្បន្នពុំមានផ្លូវសំរាប់ចេញចូលឡើយគឺពេលចចេញចូលត្រូវឆ្លងកាត់ដីអ្នកស្រុកម្តុំនេះ។
លោក ផៃ សាម៉ន បានបញ្ជាក់ទៀតថា៖ ដោយមានសំណូមពររបស់ប្រជាពលរដ្ឋ លោកមានគំរោង់លក់ស្រះទឹកមួយនេះដែលគេអោយថ្លៃ៦.០០០ដុល្លា ហើយយកប្រាក់នេះត្រូវយកទៅទិញដីមួយកន្លែងថ្លៃ២.៥០០ដុល្លា ដើម្បីធ្វើសាលាបុណ្យនៅក្នុងភូមិ ទើបថ្ងៃនេះលោកហៅប្រជាពលរដ្ឋក្នុងភូមិមកប្រជុំដើម្បីផ្លាស់ប្តូរយោបល់ តែបើប្រជាពលរដ្ឋភាគច្រើនមិនឯកភាព ក៏ភូមិអាចលក់បានដែរ។ ប៉ុន្តែនៅព្រឹកថ្ងទី២៤ ខែឧសភានេះ ប្រជាពលរដ្ឋបានមកប្រជុំតែ១៥នាក់ប៉ុណ្ណោះ មិនអាចប្រជុំយកជាផ្លូវការបានឡើយ។DSC03783 DSC03778 DSC03775
លោក សូត សាត អាយុ៨២ឆ្នាំ និងលោក ឌឹម សុខុម អាយុ៥២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតាម៉ៅ ក្រោយពេលចេញពីផ្ទះលោកមេភូមិ បាននាំអ្នកយកព័ត៌មានយើងទៅចង្អុលបង្ហាញស្រះទឹកដែលគេចង់លក់នេះ ហើយបាននិយាយអោយដឹងថា៖ ស្រះទឹកនេះជាសម្បត្តិរួមក្នុងភូមិ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជីកក្នុងឆ្នាំ១៩៩៥ ដោយមានការជួយឧបត្ថម្ភអង្ករពលកម្មពីអង្គការប្រាសាក់ ដើម្បីយកទឹកមកប្រើប្រាស់នៅក្នុងភូមិ ព្រោះតែអណ្តូងទឹកនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ ភាគច្រើនជីកមិននចេញទឹកទេ និងនៅរដូវប្រាំងអ្នកស្រុកក្នុងភូមិខ្វះខាតទឹកប្រើប្រាស់។
នៅក្នុងស្រះទឹកនេះពីមុនមកមានលូជំរស់ទឹកស្អាត និងក្បាលស្នប់ទឹកមួយកន្លែង ដែលឧបត្ថម្ភដោយអង្គការប្រាសាក់ សំរាប់អោយប្រជាពលរដ្ឋសប់យកទឹកស្អាតនោះទៅប្រើប្រាស់ ប៉ុន្តែក្រោយមកដោយសារខ្វះការថែទាំ និងការពារ មិនដឹងថាក្បាលស្នប់ទឹកនោះបាត់ទៅណាឡើយ ស្របនិងក្រោយមកនៅក្នុងភូមិចំការតាម៉ៅ ត្រូវបានគេតបណ្តាញទឹកស្អាតមកដល់ភូមិរួចមក ស្រះទឹកខាងលើនេះប្រជាពលរដ្ឋមិនសូវបានប្រើប្រាស់ឡើយ។ លោកទាំង២ បានបញ្ជាក់អោយដឹងទៀតថា៖ តាមទស្សនៈរបស់លោកក៍ដូចជាប្រជាពលរដ្ឋក្នុងភូមិភាគច្រើន មិនឯកភាពអោយលក់ស្រះនេះទេ គួរតែលោកមេភូមិនិងលោកមេឃុំជួយដោះស្រាយរកផ្លូវចេញចូលទៅស្រះ សំរាប់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ចំណែកសាលាបុណ្យវិញនោះមិនបាច់មានក្នុងភូមិក៍បានដែរ ព្រោះថាវត្តក្តីត្នោតមាននៅជិតភូមិស្រាប់ហើយ។
លោក សូត សាត និងលោក ឌឹម សុខុម តំណាងប្រជាពលរដ្ឋនៅក្នុងភូមិចំការតាម៉ៅ សំណូមពរដល់លោកអភិបាលខេត្ត មន្ទីរធនធានទឹកខេត្ត និងមន្ទីរអភិវឌ្ឍន៍ខេត្ត មេត្តាជួយស្តារស្រះខាងលើនេះនិងជួសជុលលូចំរោះទឹកស្អាតវិញផង ដើម្បីបានទឹកសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងភូមិចំការតាម៉ៅ ជាពិសេសនៅក្នុងរដូវក្តៅដែលនៅក្នុងភូមិខ្វះខាតទឹក៕