ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦ នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានបញ្ជូនបុរសម្នាក់ដែលបើកបររថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ហើយអួតអាងថាខ្លួនជាអង្គរក្សសម្តេច ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯកអ៊ី សុខា ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ៖ បុរសរូបនេះមានឈ្មោះអ៊ុក សាមិត្ត អាយុ៤០ឆ្នាំមានទីលំនៅក្នុងសង្កាត់ទួលសង្កែខណ្ឌទួលគោករាជធានីភ្នំពេញ មុខរបរលក់បន្លែ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរ គឺពុំមានតួនាទីជាកងអង្គរក្ស ដូចការអួតអាង កាលពីយប់នោះឡើយ។ លោកអ៊ី សុខាបានបញ្ជាក់ថា៖ កាលពីយប់ម្សិលមិញនេះ ក្រុមរបស់គាត់(អ្នកស្រវឹង) មានគ្នា៧នាក់បានមកផឹកស៊ីនៅផ្ទះឪពុកធម៌នៅភូមិរាម ស្រុកព្រៃនប់ផឹកABCអស់១កេះ បន្ទាប់មកបានបន្តមកផឹកស៊ី ច្រៀងខារ៉ាអូខេនៅក្រោយពេទ្យសង្កាត់លេខ៤ក្រុងព្រះសីហនុ អស់១កេះកន្លះថែមទៀត ។ ឈ្មោះអ៊ុកសាមិត្ត ជាអ្នកបើកបររថយន្ត ហាយឡែនឌ័រ មានស្លាកលេខ2AG5133 ក្រោយពីបញ្ចប់ការផឹកស៊ី បានថយរថយន្ត បណ្តាលឲ្យប៉ះកន្ទុយម៉ូតូស្កុបពីបន្តិច ក៏កើតទៅជារឿងរ៉ាវឈ្លោះប្រកែកគ្នាឡើង ក្នុងពេលនោះឈ្មោះអ៊ុក សាមិត្ត មានអាកប្បកិរិយាមិនសមរម្យ ដោយអួតអាងថាខ្លួនជាអង្គរក្សសម្តេច ។ ពេលសម្ថកិច្ចទៅធ្វើអន្តរាគមន៍ មិនព្រមសហការជាមួយ នៅយប់ នោះទម្រាំនឹងយល់ព្រម ឲ្យវាស់ជាតិអាលកុលគឺចូលដល់ម៉ោង៤ ជិតភ្លឺ ។ការពិនិត្យជាតិអាល់កុលមានកម្រិត០,៣៨mg/l។
លោកអ៊ីសុខា បានបន្តថា ករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ។ ទុកជាការព្រមានដល់ជនព្រហ៊ើនដ៏
ទៃផ្សេងទៀត កុំឲ្យយកតម្រាប់តាម ៕