ភ្នំពេញៈស្ត្រីម្នាក់បានស្រវឹងស្រា បើករថយន្តក្នុងល្បឿនយ៉ាងលឿនហើយជ្រុលទៅបុកនិងម៉ូតូពីក្រោយអូសជិត៣០០ម៉ែត្រ បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់២និងស្រាល១ ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនបារីសេក តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធនិងកូនស្រីម្នាក់អាយុប្រហែល២ឆ្នាំ បានជិះម៉ូតូម៉ាក TODAY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល 1P-3433 ជិះឌុបគ្នាតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែមានស្ត្រីម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T4203 ធ្វើដំណើរតាមផ្លូវ ជាតិលេខ២ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ដោយស្រវឹងស្រាងនោះ ក៏បានរេចង្កូតទៅបុកនិងម៉ូតូរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកជិះម៉ូតូទាំង៣នាក់ដួលអូស រងរបួស រលាត់ដៃជើង បែកមុខ ពីនាក់ម្ដាយនិងកូនតូចរងរបួសធ្ងន់ ដោយឡែកឯឪពុក រងរបួសរលាត់ដៃជើងរបួសស្រាល ទាំងបីនាក់ត្រូវបានដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត្រភ្លាមៗផងដែរ ។ ភ្លាមៗនោះអ្នកបើកបររថយន្តមិនព្រមឈប់ទេ គឺព្យាយាមបើករត់ រហូតដល់ មុខហេបភី ក្លឹប ទើបសមត្ថកិច្ចស្ទាក់ឃាត់រថយន្ត និងម្ចាស់បាន លុះដល់ពេលសមត្ថកិច្ចឃាត់បានស្ត្រីរូបនោះហើយ ស្ត្រីរូបនោះបានប្រើពាក្យ គំរុសគំរើយ ដាក់លើសមត្ថកិច្ចថែមទៀតផង ដោយនិយាយថាគាត់អត់ដឹងថាបុកម៉ូតូជនរងគ្រោះទាំទៀតផង ។ ក្រោយពេលកើតហេតុម៉ូតូរបស់ជនរងគ្រោះនោះត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីរងចាំប្រគល់ឲ្យម្ចាស់ដើមវិញ ៕ ដោយៈជីម ភារ៉ា