ព្រៃវែង ៖ ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ឯកឧត្តម នេត សាវឿន ស្នើឲ្យក្រុមការងារបន្តចែកទឹកស្អាតជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ពិសេសជីកអណ្តូង ស្តាព្រែក អូ ប្រឡាយ បើទោះបីបច្ចុប្បន្ននៅទូទាំងប្រទេសមានភ្លៀងធ្លាក់ខ្លះក៏ដោយ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការធ្វើបច្ចុប្បន្ន ភាពសមាជិកគណៈបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរ ឯកឧត្តម នេត សាវឿន មានប្រសាសន៍ថា ដោយសារការឡើងកំដៅ ធ្វើឲ្យបឹងបួរមួយចំនួនហួតហែងខ្វះខាតទឹកប្រើប្រាស់ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការយ៉ាងក្ដៅគគុកចុះចែកទឹកជូនប្រជាពលរដ្ឋ ដែលផ្ដើមតាំងពីអំឡុងខែមេសា ឆ្នាំ២០១៦។ឯកឧត្តម នេត សាវឿន ក៏បានសំណូមពរឲ្យក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរិះរកឲ្យអស់គ្រប់មធ្យោបាយ និងលទ្ធភាព ដែលខ្លូនមាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន ដែលខ្វះទឹកប្រើប្រាស់ ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ក៏បានជុំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដូចជាការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណជាដើម។ ព្រោះថា ឯកសារទាំងអស់នេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ ឯកឧត្តម នេត សាវឿន បានឧបត្ថម្ភថវិកាដល់គណៈបក្សស្រុកស្វាយអន្ទរ ចំនួន ១លានរៀល, គណៈបក្សស្រុកកញ្ជ្រៀច ចំនួន ១លានរៀល និងសមាជិកសមាជិកា ចូលរួមចំនួន ១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ ៕