កណ្ដាល៖ កម្លាំងចម្រុះ បានចាប់រថយន្តដឹកដីចំនួន១៧គ្រឿង និងអេស្ការវ៉ាទ័រ៨គ្រឿង ព្រមទាំងអាប៊ុលឈូសដីចំនួន៥គ្រឿង ដែលកំពុងជីកកាយដីបឹងរបស់ ដោយគ្មានច្បាប់ អនុញ្ញាត ។ ការចាប់គ្រឿងចក្រខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីបឹងជន្លេន ក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានផ្ទៃដីបឹងសរុបប្រមាណជាង៦៣ហិកតា ។លោក វ៉ិត ធារិទ្ឋ នាយខណ្ឌរដ្ឋបាលជលផលខេត្ត មានប្រសាសន៍ថា ដោយមាន សេចក្តីរាយការណ៍ពីសកម្មភាពជីកដីបឹងលក់យ៉ាងអាណាធិបតេយ្យ មន្ត្រីរដ្ឋបាលខណ្ឌ ជលផលរដ្ឋបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងកម្លាំងចម្រុះឃាត់រថយន្តជីក ដីឥតច្បាប់ ដាក់ឲ្យទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ ។ លោក វ៉ិត ធារិទ្ឋ នាយខណ្ឌ រដ្ឋបាលជលផលខេត្ត បានបន្តថា ការដឹកនាំកម្លាំងជំនាញចុះឃាត់គ្រឿងចក្ររាប់សិប គ្រឿង ដែលលោកមេឃុំឬស្សីជ្រោយឈ្មោះ អ៊ុ ឈុនស្រេង អនុញ្ញាតឱ្យជីកនេះ ធ្វើឡើងតាមចំណាររបស់ឯ,ឧអភិបាលខេត្តកណ្តាល ដើម្បីឲ្យចុះពិនិត្យដីសហគមន៍នេសាទនេះ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីបឹងជន្លេនជូនសហគមនេសាទ ទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផលជាលក្ខណៈគ្រួសារ ។
លោក វ៉ិត ធារិទ្ធ បានបន្ថែមថា ក្រោយពីការពិនិត្យ មន្ត្រីជំនាញ និងសមត្ថកិច្ច បានឃាត់រថយន្ត ក្នុងនោះរួមមានអេស្កាវាទ័រ៨គ្រឿង, រថយន្តដឹកដី១៧គ្រឿង, អាប៊ុល៥គ្រឿង ដែលជាប់ពាក់ព័ន្ឋនឹងបទល្មើសជលផលពីការជីកបឹងជន្លេន ដែលបានធ្វើឡើង អស់រយៈពេលប្រមាណជាង២ខែមកហើយ ដែលជីកយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ ។
លោក ឋាន សុខ ប្រធានសហគមន៍នេសាទបឹងជន្លេន បានឱ្យដឹងដែរថា ការជីក ដីបឹងបានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ពីការបាត់បង់ពូជត្រីក្នុងបឹង ដោយ សារនៅក្នុងបឹងធម្មជាតិ ដែលមានពូជមច្ឆាផ្ញើផ្សាំសម្រាប់ញាស់ពងកូន នៅពេលដែល រដូវវស្សាចូលមកដល់ ឬរដូវទឹកឡើង ហើយបើសិនជាការជីកបឹងដូច្នេះនោះ នឹងធ្វើឲ្យ បាត់បង់អកម៉ូនបាត់បង់ពូជត្រីក្នុងបឹង សម្រាប់ពលរដ្ឋអាស្រ័យផលជាលក្ខណៈគ្រួសារ។
ទោះជាដូច្នេះក៏ដោយ លោក អ៊ុ ឈុនស្រេង មេឃុំឬស្សីជ្រោយ បានលើកឡើងថា ការជីកដីបឹងនេះ គឺជាការស្តាបឹងសម្រាប់ទុកទឹកឲ្យពលរដ្ឋអាស្រ័យផលជាលក្ខណៈ គ្រួសារប៉ុណ្ណោះ ហើយអាជ្ញាធរឃុំ និងស្រុក កំពុងដាក់ពាក្យស្នើសុំគោលការណ៍ ស្តាបឹង ទៅសាលាខេត្តផងដែរ ។ ខណះដែលគេដឹងថា លោកមេឃុំ មានគ្រឿងចក្រ និងរថយន្ត ជាច្រើនគ្រឿង ជីកដីបឹងនោះលក់យូរខែមកហើយ ដោយគ្រាន់តែត្រូវគ្នាជាមួយអាជ្ញាធរ ស្រុកតែប៉ុណ្ណោះ ។
ទោះជាដូច្នេះក្តី ឯ,ឧ ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យជំនាញជលផល រួមសហការជាមួយមន្ត្រីភូមិបាល និងមន្ត្រីជំនាញរ៉ែ និងថាមពល ឃាត់រថយន្តនោះទុកបណ្តោះអាសន្ននៅសាលាស្រុកមុខកំពូល រង់ចាំការដោះស្រាយតាមនីតិវិធី ៕ វណ្ណ លុក