មណ្ឌលគិរី៖ កិច្ចប្រជុំស្តីពីការសម្របសម្រួលសហគមន៍តំបន់ការពារធម្មជាតិ ត្រូវបានបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៦នេះ ដែលមានរយះពេលចំនួន០១ថ្ងៃ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីឲ្យសហគមន៍តំបន់ការពារធម្មជាតិ មានសក្តានុពលក្នុងការការពារព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវផលិតភាពព្រៃឈើ និងសមត្ថភាព ដើម្បីគាំទ្រដល់ជីវភាពរស់នៅ រក្សានៅលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារទីជម្រាល និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹង និងជម្រុញដល់តំណាងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការធ្វើសកម្មភាពគាំទ្រការអភិវឌ្ឍន៍សហគមន៍ ជាពិសេសការទំនាក់ទំនង និងសហការជាមួយដែនជម្រកសត្វព្រៃ ព្រមទាំងជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ និងបង្ក្រាប់បទល្មើស ដែលកើតមានឡើងនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ក្នុងខេត្តមណ្ឌលគិរី ។
ហើយនៅក្នុងកិច្ចប្រជុំនោះដែរ តម្រូវឲ្យខាងសហគមន៍លើកឡើងពីបញ្ហាជួបប្រទះ និងដំណោះស្រាយទាក់ទងទៅនឹងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្ត និងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា ធ្វើរបាយការណ៍អំពីការរីកចម្រើន ព្រមទាំងពិភាក្សាសកម្មភាព ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា នៅក្នុងសហគមន៍ និងស្នើសុំការគាំទ្រពីអ្នកពាក់ព័ន្ធ ដើម្បីអន្តរាគមន៍។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ហាន សាខន អនុប្រធានមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ស្នើដល់សហគមន៍ចំនួន១៩កន្លែង នៅក្នុងកិច្ចប្រជុំនាពេលនេះ ត្រូវចូលរួមពិភាក្សាគ្នានូវបញ្ហាប្រឈមនានា និងចែករំលែកនៅបទពិសោធន៍ ដែនបានអនុវត្តនាពេលកន្លងមក និងត្រូវលើកឡើងពីការកំណត់រកមធ្យោបាយ ក្នុងការដោះស្រាយ ដើម្បីជាមូលដ្ឋានក្នុងការយកទៅអនុវត្តបន្ត ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ទាំងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសជាដើម ។
គួបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានចូលរួមសហការជាមួយអង្គការRECOFTC អង្គការWWF នៃគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះSFB គាំទ្រថវិកាពីទីភ្ងាក់ងារអភិវឌ្ឍអន្តរជាតិ របស់សហរដ្ឋអាមេរីក USAIDផងដែរ៕ ដោយប៊ូស្រា