ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​បានសម្រេច​តែ​ត្រូវ​សមត្ថកិច្ច​ឃាត​បាន​ភ្លាមៗ​

0

​ ​ភ្នំពេញ​៖ បងប្អូន​ប្រជាពលរដ្ឋ​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បឹង​ព្រលឹត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ក្នុងនោះ​ម្នាក់​ជា​ស្រី​និង​ដកហូត​ម៉ូតូ​ម៉ាក​ស្ទេ​ប​មួយគ្រឿង ខណៈ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ពីក្រោយ​ប្តី​បានសម្រេច កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​២២​ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២៧៨​កែង​ផ្លូវ​លេខ​១១៣ ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​

​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​ស្ត្រី​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ជាមួយ​ប្តី​របស់​នាង ធ្វើដំណើរ​ចេញពីផ្ទះ​នៅ​ម្តុំ​ផ្សារកណ្ដាល​បំណង​មក​ហួ​ប​ស៊ុប​នៅក្នុង​ខណ្ឌចំការមន​ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​១១៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​កែង​ផ្លូវ​លេខ​២៧៨ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ស្ទេ​ប​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1AE-4681 ជិះ​មក​ក្បែរ​ស្ត្រី​រងគ្រោះ​។​

ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​ជា​ស្រី​ដែល​ជិះ​ពីក្រោយ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ស្ត្រី​រងគ្រោះ​បានសម្រេច​រួច​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចូលទៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៧​មករា ប៉ុន្តែ​ភ្លាមៗ​នោះ​ជនរងគ្រោះ​និង​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ដេញតាម​រហូតដល់​ចំណុច​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​បឹង​ព្រលឹត​ក៏ត្រូវ​នគរបាល​កំពុង​ជិះ​ល្បាត​ដេញ​ស្ទាក់​ចាប់បាន​ទាំង​២​នាក់​ភ្លាមៗ ។​

​ ​ប្រភព​ដដែល​បន្តថា​ដោយយោង​ទៅតាម​វត្ថុតាង​ជាក់ស្តែង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​បឹង​ព្រលឹត​ប្រគល​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២​ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ករណី​ខាងលើនេះ​។​ ​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ដូច្នេះ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​និង​

ជនរងគ្រោះ​បាន​នៅឡើយ​ទេ​។​ប៉ុន្តែ​ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រងចាំ​ប​ញ្ជួ​ន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​01 04 03