សៀមរាប៖ តាមសេចក្តីរាយការណ៍ឈ្មួញដឹកជញ្ជូនឈើប្រណិតវ័យក្មេងម្នាក់(ឈ្មោះ ហាក់) កំពុងបញ្ចេញអំណាចរកស៊ីដឹកឈើពីស្រុកមួចំនួននៃខេត្តសៀមរាប ដូចជា ភូមិអូ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែងនិងភូមិចាន់ហៀ ភូមិត្រពាំងស្វាយ ស្រុកស្វាយលើខេត្តសៀមរាប។ប្រភបបានបន្តថា (ឈ្មោះ ហាក់) នេះការដឹកជញ្ជូនឈើរបស់គេចូលមកលក់ចែកចាយនៅក្នុងក្រុងសៀមរាបគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបនោះទេ មានតែសមត្ថកិច្ចបើកដៃ អោយរកស៊ី ដើម្បីយកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថាឈ្មោះ ហាក់ នេះធ្លាប់បានប៉ុនប៉ងសំស្លាប់អ្នកកាសែតម្នាក់ឈ្មោះ ទុំម៉ោង កាលពីបីបួនឆ្នាំមុននៅឯស្រុកសូត្រនិគម ដោយយកពូថៅទៅលួចកាប់ក្បាលអ្នកកាសែតក្នុងស្រុកម្នាក់ខណៈពេលអ្នកកាសែតរូបនោះកំពុងដេកនៅក្នុងអង្រឹង ដោយការគុំគួនព្រោះអ្នកកាសែតធ្លាប់បានចុះផ្សាយ ការរកស៊ីដឹកឈើរបស់ខ្លួន ហើយលោក ទុំម៉ោង អ្នកកាសែតរងគ្រោះបានដាក់ពាក្យប្តឹងទៅតុលាការខេត្តសៀមរាប ប៉ុន្តែមិនទទួលបានភាពយុត្តិធម៌ទេ រហូតមកដល់ខែមេសាឆ្នាំ២០១៦នេះលោក ទុំម៉ោង បានស្លាប់បាត់បង់ជីវិតដោយរងនូវភាពអយុត្តិធម៌។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ រថយន្តម៉ាកកាមរីហើម ពណ៍ស មួយគ្រឿងរបស់លោក ហាក់ បានដឹកឈើប្រណិតពេញបើកបរពីស្រុកស្វាយលើ មកក្រុងសៀមរាបលុះដល់ចំណុចភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ក៏បុករថយន្តប្រជាពលរដ្ឋអ្នកធ្វើដំណើរ២គ្រឿងផ្សេងទៀត ហើយតៃកុងឡានរបស់លោកហាក់បានរតចោលឡានបាត់។ នៅពេលនគរបាលចរាចរណ៍ស្រុកប្រាសាទបាគងទៅដល់កន្លែងកើតហេតុ លោកហាក់ជាម្ចាស់រថយន្តដឹកឈើក៏ទៅដល់ព្រមគ្នាផងដែរ ដើម្បីធ្វើការចចារជាមួយភាគីខាងម្ចាស់រថយន្តរងគ្រោះ២គ្រឿងទៀតដើម្បីបញ្ចប់រឿង តែដោយការចចារតំលៃគ្នាមិនត្រូវទើបសមត្ថកិច្ចនាំយករថយន្តបង្ករនិងរថយន្តរងគ្រោះទៅអធិការស្រុកប្រាសាទបាគង។
ប្រភពបញ្ជាក់ថា ចំណែកឈើរបស់លោកហាក់ បានរាយការណ៍ទៅលោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើដែរ ហើយលោកយឹមស៊ីវនបានប្រាប់ថា ចាំអោយកូនចៅទៅមើល តែបាត់ស្រម៉ោលឈឹងមិនឃើញមានមេព្រៃណាទៅមើលទេ មានតែនគរបាលចរាចរណ៍និងអ្នកកាសែត២រូបតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ រថយន្តម៉ាកកាមរីហើម១គ្រឿងផ្សេងរបស់លោកហាក់ដឹកឈើប្រណិតពេញដូចគ្នាបានបែកកង់នៅចំណុចភូមិស្វាយធំខាងលើដូចគ្នា ហើយខណៈពេលនោះមានសមត្ថកិច្ច៣ស្ថាប័ណទៅអូសយករថយន្តដឹកឈើនោះមកកន្លែងស្ងាត់ ហើយចចារយកលុយអស់៣រយដុល្លារជាថ្នូរនិងការដោះលែងរថយន្តដឹកឈើនោះទៅវិញ នេះបើយោងតាមប្រភពព័ត៌មានសូមមិនបញ្ចេញឈ្មោះ។ អ្នកយកព័ត៌មានយើងបានព្យាយាមសាកសួរសមត្ថកិច្ច៣ស្ថាប័ណនោះដែរនៅថ្ងៃកើតហេតុ តែអ្នកខ្លះមិនលើកទូរស័ព្ទ ឯអ្នកខ្លះទៀតឆ្លើយថា មិនបានយកលុយទេ ដែលជាហេតុធ្វើអោយពលរដ្ឋឆ្ងល់ថា បើមិនបានយកលុយមេចមិនចាប់ឡានដឹកឈើក្នុងនាមខ្លួនជាអ្នកធ្វើការបង្ក្រាបបទល្មើសព្រៃឈើ?
នៅព្រឹកម៉ោង១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទថា រថយន្តដឹកឈើរបស់លោក ហាក់ ទុកនៅអធិការស្រុកប្រាសាទបាគងព្រោះពាក់ព័ន្ធនិងបង្ករគ្រោះថ្នាក់ចរាចរណ៍ ឯឈើប្រភេទផ្ចឹកដែលមានមុខកាត់ធំ (ជាឈើប្រភេទលេខ១) ជាវត្ថុតាងបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ហើយខាងមន្ត្រីរដ្ឋបាលព្រៃឈើកំពុងតែវ៉ាស់វែងពុំទាន់ដឹងថា មានចំនួនប៉ុន្មាននៅឡើយទេ៕ ដោយ សុជាតិ