​រថយន្ត​RANGE ROVER បោះពួយ​បុក​ម៉ូតូ​កិន​ពីលើ​អូស​ជាង​១០​ម៉ែត្រ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​RANGE ROVER​មួយគ្រឿង​បុក​ចំ​ពេញទំហឹង​ហើយ​កិន​ម៉ូតូ​ពីលើ​អូស​ជាង​១០​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣​ខែ ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​អាគា​អ៊ែត ហ្វ៊ូ​ត តាមផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក RANGE ROVER មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ចាម​1E-4749 ជិះ​គ្នា​៣​នាក់​ជិះ​ធ្វើដំណើរ​ចេញពី​អាគារ អ៊ែត ហ្វ៊ូ​ត​ក្នុង​បំណង​ឆ្លងផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយក៏​ត្រូវបាន​

រថយន្ត RANGE ROVER បុក​ចំ​ពេញទំហឹង​និង​កិន​ពីលើ​ម៉ូតូ​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ហើយ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរ​ឯក​ជន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក​បន្ទាប់ពី​បង្កហេតុ​រួច​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​ ​

បន្ទាប់ពី​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​ចុះទៅ​អន្តរាគមន៍​ភា្ល​មៗ​ដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​យកទៅ​ដំកល់​នៅ​វត្ត​ទឹកថ្លា​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​សព​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​02 01