បន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មារដែលធ្លាប់តែនៅដាច់ស្រយាល ពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បច្ចុប្បន្នប្រាសាទនេះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិរាប់សិបម៉ឺននាក់ ពី១ឆ្នាំទៅ១ឆ្នាំ បន្ទាប់ពីផ្លូវជាតិលេខ៥៦បានស្ថាបនាសាងសង់ក្រាលកៅស៊ូរួច ។ ប្រាសាទបន្ទាយមានឆ្មារ ជាប្រាសាទមួយស្ថិតនៅខាងជើងខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយផ្លូវប្រមាណជា៦០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ។ ប្រាសាទនេះសាងសង់ឡើងនាចុងសតវត្សរ៍ទី១២ ដល់ដើមសវត្សរ៍ទី១៣ ក្នុងរជ្យកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ពទាំង៤ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាម នៅឆ្នាំ១១៧៧ ។ ប្រាសាទនេះដើមឡើយ ជាប្រាសាទដ៏ល្អប្រណិត តែដោយប្រទេសឆ្លងកាត់សង្គ្រាម និងដោយសារការបំផ្លិតបំផ្លាញ យកក្បាលអ្នកតា ពីសំណាក់ជនខិកខូច យកទៅលក់នៅប្រទេសថៃផង ធ្វើអោយប្រាសាទនេះរងការខ្ទិចខ្ទាំស្ទឺតែទាំងស្រុង ។
លោក ម៉ៅ ស៊ី មន្ត្រីនាយកដ្ឋាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះកម្ពុជា បានអោយដឹងថា បច្ចុប្បន្នដោយមានការគិតគូរពីរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៍ និងម្ចាស់ជំនួយនានា ប្រាសាទនេះបាននិងកំពុងតែត្រូវបានអភិរ្ស និងជួសជុលឡើងវិញ បានជាបណ្តើរ ៗ និងរួចរាលនៅកន្លែងមួយចំនួនដូចជារានហាលខាងកើត និងខាងត្បូង ។
ហើយសម្រាប់គម្រោងថ្មីនាពេលខាងមុខនេះ នឹងត្រូវធ្វើការជួសជុលនូវទីតាំងណាដែលសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដូចជា ជញ្ជាំងដែលមានរូបចំលាក់ជាច្រើន និងព្រះអង្គដៃ៣២ ដែលជាទីតាំង១ត្រូវបានអ្នកស្រុកគោរពបូរ៌ជា និងជាទីចាប់អារម្មក្នុងការទស្សនា របស់ភ្ញៀវជាតិ និងអន្តរជាតិ ។
មន្ត្រីនាយកដ្ឋានដដែលបានអោយដឹងទៀតថា សម្រាប់បច្ចុប្បន្នចាប់តាំងពីផ្លូវជាតិ៥៦ នាមស្ថាបនារួចជាផ្លូវកៅស៊ូ ដែលតភ្ជាប់ពីទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តមានជ័យ ដោយ ភ្ជាប់ទៅនឹងប្រាសាទបន្ទាយឆ្មារនៅត្រង់ព្រំប្រទល់នៃខេត្តទាំង២ ធ្វើអោយភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនា ក្នុងអំឡុងខែ៦ខែចុងនិងដើមឆ្នាំគឺមានទេសចរណ៍អន្តរជាតិ ពី២៥០នាក់ទៅ៣០០នាក់ក្នុង១ខែ ដែលចំនួននេះខុសគ្នាដាច់ទៅនិងឆ្នាំមុនៗ ដែលពុំទាន់មានផ្លូវស្អាត់មកកាន់ប្រាសាទបន្ទាយមានឆ្មារ ។ តែអ្វីដែលចាប់អារម្ភបំផុត គឺ ប្រាសាទបន្ទាយឆ្មារកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិយ៉ាងច្រើនមកទស្សនាជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេង ៗ ។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរមកទស្សនា និងកំសាន្តលេង ជាង៤ម៉ឺននាក់ ដែលច្រើនជាងឆ្នាំ២០១៥ ។
ក្រៅពីប្រាសាទបន្ទាយឆ្មារ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ខេត្តបន្ទាយមានជ័យ នៅមានប្រាសាទជាច្រើនទៀតដូចជា ប្រសាទបន្ទាយទ័ព និងបារាយទឹកថ្លា ក៏ដូចជាប្រាសាទដទៃទៀត ដែលនៅមិនឆ្ងាយ និងជុំវិញប្រាសាទបន្ទាយឆ្មារ ៕ អ,ពៅ