ភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់៧នាក់ ត្រូវបានសភាព្រហ្មទណ្ឌសាលាឧទ្ឋរណ៍ កាត់ទោស កាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ពីបទជំរិតទារប្រាក់តាមប្រព័ន្ឋអ៊ីនធើណែត បន្ទាប់ពី ជនជាប់ចោទទាំងអស់ ត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសក្នុងម្នាក់ៗពី១២ខែដល់១៨ខែនិងពិន័យប្រាក់៥លានរៀលដាក់ចូលថវិការដ្ឋ។
លោកចៅក្រម យ៉ុង ណារ៉ុង បានថ្លែងក្នុងសវនាការ ថា ជនជាប់ចោទឈ្មោះលីន អ៊ីចូវ អាយុ២៨ឆ្នាំ, ឈ្មោះឈិន ជែអ៊ិ អាយុ ៣២ឆ្នាំ ឈ្មោះ,កៅ ឡុងឈី អាយុ ៣៦ ឆ្នាំ ឈ្មោះ លី ចែពីង អាយុ ២៣ឆ្នាំ ឈ្មោះ ផឹង កឺសឹង អាយុ ៣០ឆ្នាំ ឈ្មោះ ឆាយ ឆុងគ័រ អាយុ ៣៩ឆ្នាំ និងឈ្មោះ លី ឃុនសៀ អាយុ២៩ឆ្នាំ ជាប់ចោទពីបទឆបោក ប្រព្រឹត្តកាលពីឆ្នាំ២០១៣ ក្នុងអាផាតមេនមួយ ផ្ទះលេខ ៥៨ ភូមិ២ ផ្លូវ ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
តាមអង្គហេតុ គឺក្រុមជនជាប់ចោទបានដើរតួជា សមត្ថកិច្ចនិងមន្ត្រីតុលាការ ហើយទូរស័ព្ទនិង ផ្ញើសារតាមប្រព័ន្ឋអ៊ីធើណែត ទៅគំរាមជនរងគ្រោះ ថា ជនរងគ្រោះកំពុងមានរឿង ក្តីក្តាប់នៅ តុលាការ បើមិនចង់មានរឿងវែងឆ្ងាយ រហូតជាប់គុកជាប់ច្រវ៉ាក់ ទេ ត្រូវបានប្រគល់ប្រាក់មួយ ចំនួនដល់ក្រុមជនជាប់ចោទ ។
ប៉ុន្តែជនរងគ្រោះ បានរាយការណ៍ព័ត៌មាននេះ ដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួន ក្រុមជនជាប់ចោទជំរិតទារប្រាក់ទាំងនេះ តែម្តង ។ តាមរយៈអ្នកបកប្រែ ក្រុមជនជាប់ចោទទាំង៧នាក់ បានបដិសេធដូចៗគ្នា ថា ពួកគេមិនបាន ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល សាលាឧទ្ឋរណ៍ បានលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះវិញ ៕