ខេត្តសៀមរាប៖ លោក អោ ម៉ៅ អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ត្រូវបានប្រកាស មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ជំនួសលោក ភា សុផាត ប្រធានមន្ទីរ ដែលបានចូលនិវត្តន៍ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់លោកវងសូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ដោយមានការចូលរួមពីសំណាក លោកប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលិខាធិការ គណៈអភិបាលខេត្ត អស់លោក លោកស្រីនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្ត្រីរាជការ បណ្តាអង្គការដៃគូរចូលរួមផងដែរ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរបានចូលនិវត្តន៍ និង ការអានសេចក្តីប្រកាសតែងតាំង មន្ត្រីរាជការ និង ការប្រគល់សេចក្តីប្រកាស និង ត្រារួចមក ក្នុងនោះលោក អោ ម៉ៅ ប្រធានមន្ទីរថ្មី បានធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបាននូវគ្រប់ភារកិច្ចរបស់រាជរដ្ឋាភិបាលក្រសួង ក៏ដូចអាជ្ញាធរខេត្តដែលបានប្រគល់ជួន ។
មានប្រសាសន៍នោះដែរលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមអាជ្ញាធរខេត្ត ក៏បានគូសបញ្ជាក់ថា កិច្ចការរដ្ឋបាល គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីនិរន្តភាពការងាររបស់មន្ទីរ លើគ្រប់ផ្នែកសេវារដ្ឋបាលត្រូវបានពង្រឹង យ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនានា ក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព រដ្ឋ និង អង្គការពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន និង ឯកសារគោលការណ៍ ដែលក្រសួង និង អាជ្ញាធរខេត្តប្រគល់ជូន រួមទាំងផែនការ វិធានការណ៍ច្បាស់លាស់សម្រាប់មន្ទីរអនុវត្ត និង សហការណ៍ជាមួយអង្គការដៃគូ សមត្ថកិច្ចជំនាញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការអន្តរជាតិ សង្គមស៊ីវិលផងដែរ ។ ក្នុងនោះដែរលោក នូ ផល្លាក៏បានផ្តល់នូវបទពិសោធន៍មួយចំនួន ដើម្បីជាប្រទីបសម្រាប់ប្រធានមន្ទីរដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីជាចក្ខុវិស័យក្នុងការគិតពិចារណា ជាភាពអ្នកដឹកនាំ ។
មានប្រសាសន៍នោះដែរលោក វង សូត ក៏បានលើកសរសើផងដែរ ពីភាពវិវត្តរបស់ខេត្តសៀមរាប ដែលជា ខេត្តមួយស្ថិតនៅក្នុងបន្ទាត់ក្រីក្រនាឆ្នាំ២០០១ តែបច្ចុប្បន្នបានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើន តាមរយៈវិស័យ កសិកម្ម និង ទេសចរណ៍ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ។ ឯកឧត្តមបានបន្តទៀតថាការផ្លាស់ប្តូភារកិច្ចគឺជាប្រពៃណីរបស់មន្ត្រីរាជការ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង និង ខេត្ត ។ ម្យ៉ាងទៀត ការ ដាក់ឲ្យមន្ត្រីចូលនិវត្តន៍ គឺជាច្បាប់ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ក្នុងការកំណត់អាយុឲ្យចូលនិវត្តរបស់ ទៅតាមប្រភេទក្របខ័ណ្ឌនីមួយៗ ។ លោកវង សូត ក៏បានលើកឡើងថា ការតែងតាំងប្រធានមន្ទីរថ្មីនេះ គឺ ជាទីទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួង និង អាជ្ញាធរខេត្ត ដើម្បីប្រតិបត្តិការងារនៅថ្នាក់ខេត្ត ។ ម្យ៉ាងទៀត ក៏ដើម្បី ធានាបាននិរន្តរភាព ប្រសិទ្ធភាពនៃការដឹកនាំមន្ទីរ ក្នុងការជម្រុញអនុវត្តគោលនយោបាយសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ការផ្តលសេវាសង្គមកិច្ច ជូនមុខសញ្ញាឲ្យបានឆាប់រហ័សនិងដល់ដៃមុខសញ្ញា។ដើម្បី ធានាបាននូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងក៏បាន ដាក់ចេញនូវយុទ្ធសាស្ត្រ៣យ៉ាងនិងកម្មវិធីអាទិភាពចំនួន ៨ចំណុចផងដែរ។ក្នុងនោះលោកក៏បានផ្តល់នូវអនុសាសន៍និង វិធានការល្អៗមួយចំនួនដល់លោកប្រធានដែលទើបតែងតាំងថ្មីក្នុងការដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីធានាឲ្យបានលើការគ្រប់គ្រងមុខសញ្ញាសង្គមកិច្ចគ្រប់ប្រភេទឲ្យបានច្បាស់លាស់។លោកវងសូត ក៏បានធ្វើការផ្តាំផ្ញើ ដោយមានសង្ឃឹមជឿជាក់ថា លោកប្រធានមន្ទីរថ្មី នឹង ខិតខំបំពេញការងារ ដឹកនាំអង្គភាព និង រក្សាឲ្យបាននូវសាមគ្គីផ្ទៃក្នុង និង មានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព អង្គការនានា ក្នុងគោលបំណង ជម្រុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ទិសដៅក្រសួង ប្រគល់ជូនដោយជោគជ័យ សំខាន់ក្នុងការយកចិត្តទុកដាក់ខ្ពស់ បងប្អូនជានិវត្តជន និង ជនពិការ ៕