រថយន្ត​ដឹកអុស​អ្នកបើកបរ​ងោក ធ្លាក់​ផ្លូវ​បុក​ដើមឈើ​គៀប​ស្លាប់​ព្រូ​តា​កុង​របួសធ្ងន់​

0

ខេត្តកំពង់ឆ្នាំង៖ ព្រូរថយន្តម្នាក់បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារតែបើករថយន្តដឹកអុសងោកធ្លាក់ពីផ្លូវជាតិទៅបុកផ្ទប់និងដើមឈើ។ករណីនេះបានកើតឡើង នៅវេលាម៉ោង ៣១៥d3និង២០ទាបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។ សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានអោយដឹងថា៖ ជនរងគ្រោះដែលស្លាប់ជាព្រូរថយន្ត មានឈ្មោះ រឿន សំអាង អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ជាព្រូរថយន្ត ចំណែក អ្នកបើកបររងរបួសធ្ងន់មានឈ្មោះ សែម សុជាតិ អាយុ២៩ឆ្នាំ មានទីលំនៅភូមិភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ។
ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុគេទាំង២នាក់ ជាកម្មករបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ដឹកទឹកសុទ្ឋលក់តាមដេប៉ូ ពេលលក់ទឹកសុទ្ឋអស់ក៏បានដឹកអុសមកវិញ លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ទំនងជាអ្នកបើកបរបានងោកមួយភាំង បណ្តាលរថយន្ត ធ្លាក់ផ្លូវមកស្តាំដៃ ទៅបុកផ្ទប់ជាមួយដើមក្ងោក និងដើមចន្ទី បណ្តាលអោយព្រូកៀបខ្លួនជាប់ស្លាប់នៅក្នុងរថយន្ត ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នា គាស់កាបីនរថយន្ត យកសពជនរងគ្រោះ និងអ្នករងរបួសធ្ងន់ ចេញពីក្នុងរថយន្ត ដោយបានប្រើរយះពេលជាង២ម៉ោង បន្ទាប់មកបានដឹកអ្នករងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី។ ករណីគ្រោះថ្នាក់នេះសមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីអ្នកបើកបរងោកងុយ ទើបបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងព្រូរថយន្តបែបនេះ៕១២ ១៣