​កាច់ក​ម៉ូតូ​បានសម្រេច​តែ​គេច​មិន​រួច​ពី​ម្ចាស់​និង​ប្រជាពលរដ្ឋ​សហការគ្នា​ជួយ​ដេញចាប់បាន​និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធខណ្ឌចំការមនឃាត់ខ្លួនយកមកបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីសួរនាំ ក្រោយពីបានធ្វើសកម្មភាពកាច់កម៉ូតូដែលគេចតទុកនៅខាងមុខផ្ទះបានសម្រេច ប៉ុន្តែគេចមិនរួចពីម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញជួយដេញចាប់បាននិងបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនផងដែរ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង៥នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបប្ល៊ូឡាញ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
មន្ត្រីកម្លាំងអាវុធហត្ថខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គួន ឡេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលនៅម្តុំអូរបែកក្អម ចំណែកជនរងគ្រោះមានឈ្មោះ ហៀង លី ឃាង អាយុ២៩ឆ្នាំ ជាអាជីវករ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯម៉ូតូដែលត្រួវបានកាច់កនោះ ម៉ាកវ៉េវ ពណ៍ស្លែ ពាក់ស្លាកលេខ នគរបាល 1 1373 ។ photo_2016-06-25_08-17-32 photo_2016-06-25_08-17-30
តាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងឡើយគឺ រូបគាត់បានទុកម៉ូតូនៅខាងមុខផ្ទះនៅម្តុំស្ទឹងមានជ័យ ហើយក៏បានចូលទៅក្នុងផ្ទះផឹកទឹក ពេលចេញមកវិញស្រាប់តែឃើញជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់កម៉ូតូរួចជិះចេញទៅ ពេលនោះគាត់ក៏បានស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល និងនិងមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាដេញចាប់បាននៅចំណុចមុខក្លឹបប្ល៊ូឡាញ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ហើយបានស្វាគមន៍ជនសង្ស័យម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួន ទើបបានកម្លាំងអាវុធហត្ថមកអន្តរាគមន៍ ។
បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បាននាំខ្លួនជនសង្ស័យខាងលើនោះយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ជីម ភារ៉ា