ភ្នំពេញ ៖ យុវជនប្រុសស្រី១ក្រុម ដែលមានគ្នាជិត១០នាក់ ដែលពួកគេទំនងជាស្រវឹងស្រា បានបើករថយន្តសេរីទំនើបម៉ាករ៉េងរ៉ូវ័រក្នុងល្បឿនយ៉ាងលឿន ពេលដល់ផ្លូវកោងមិនបន្ថយល្បឿន និងបួងចង្កូតបត់មិនទាន់ ក៏បានជ្រុលទៅបុករថយន្តកាមេរីបាឡែនដែលបើកបញ្ច្រាស់ទិសគ្នាពេញហឹង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ខាងជើងវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមេរីបាឡែន ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2S-1483 បើកបរដោយបុរសម្នាក់តាមបណ្តោយ ផ្លូវព្រះនរោត្តម ទិសដៅពិជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសេរីទំនើប ម៉ាករ៉េងរ៉ូវ័រ ពណ៍ស គ្មានស្លាកលេខ ដោយក្នុងរថយន្តមានយុវជនប្រុសស្រីជិត១០នាក់ បានបើកក្នុង ល្បឿនយ៉ាងលឿន និងកេលរង្វង់មូលវិមានឯករាជ្យដោយមិនបន្ថយល្បឿន បានបុករថយន្តកាមរីបាឡែន ពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។ ប្រភពបន្តថា បន្ទាប់ពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានគេជួយយកចេញពីក្នុងរថយន្ត ចំណែកក្រុមក្មេង ទំនើងប្រុសស្រីបន្ទាប់ពីបង្កហេតុ គេឃើញមានអាការៈស្រវឹងស្រាជោគជាំ ដើរចង្អុលមុខរករឿងគេឯង និងថែមទាំងបានស្ទុះមករកវាយអ្នកសារពត៌មាន ពេលចុះទៅផ្តិតយករូបភាពផងដែរ ហើយមួយសន្ទុះក្រោយមកក៏បានគេចខ្លួនបាត់អស់ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីតំណាងខាងរថយន្តបង្កបានមកដោះស្រាយជាមួយភាគីរងគ្រោះ ដោយព្រមព្រៀងគ្នាយករថយន្តទៅជួសជុលឱ្យវិញ និងចេញសងថ្លៃព្យាបាលជំងឺដើមបញ្ចប់រឿងនៅនិងកន្លែងហេតុ ៕ ដោយ៖ជីម ភារ៉ា