ភ្នំពេញ ៖ បុរសជនជាតិញូហ្សឺលែនវ័យ៦៧ឆ្នាំម្នាក់ នឹងត្រូវសាលាឧទ្ឋរណ៍ប្រកាស សាលដីកា នៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ ពីបទរំលោភសេពសន្ថវៈទៅ លើកុមារី កម្ពុជាចំនួន៥នាក់ ក្នុងទឹកដី ខេត្តសៀមរាប កាលពីឆ្នាំ២០០៤ ។ លោកចៅក្រម ប៉ុល សំអឿន បានថ្លែងក្នុងសវនាការ ថា ជនជាប់ចោទមានឈ្មោះ Graham Robert Cleghorn ត្រូវបានសាលាដំបូងខេត្តសៀមរាប ឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០០៤ ផ្តន្ទាទោសដាក់ពន្ឋនាគាររយៈពេល២០ឆ្នាំ ពីបទរំលោភសេពសន្ថវៈ តាមមាត្រា៥ ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ និង បទរក្សាអាវុធខុសច្បាប់ ។ ប៉ុន្តែសាលក្រមនេះ ត្រូវបានជនជាប់ចោទប្តឹងឧទ្ឋរណ៍ ។
ក្រោយមកសាលាឧទ្ឋរណ៍ បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ។ មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ ជនជាប់ចោទបានប្តឹងសាទុក្ខ ទៅតុលាការកំពូល បន្តទៀត ។ លោកចៅក្រម បានបន្តថា ក្រោយជំនុំជម្រះ តុលាការកំពូលបានសម្រេចតម្កល់អង្គហេតុ នៃបទល្មើសរំលោភសេពសន្ថវៈ ទុកជាបានការដដែល ។ ប៉ុន្តែបានបង្វិលសំណុំរឿងនេះ មកសាលាឧទ្ឋរណ៍ ដើម្បីជំនុំជម្រះសារជាថ្មី ទៅលើទណ្ឌកម្មរបស់ជនជាប់ចោទ ដែលត្រូវ អនុវត្តតាមក្រមព្រហ្មទណ្ឌថ្មី វិញ ។
ក្នុងសវនាការសាលាឧទ្ឋរណ៍ តាមរយៈអ្នកប្រែ ជនជាប់ចោទ បានទទួលស្គាល់អង្គហេតុ រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ដែលជាឈ្មួលបម្រើរបស់គាត់ ។ ប៉ុន្តែជនជាប់ចោទ បានសូមឲ្យសាលាឧទ្ឋរណ៍ ដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញ ដោយសារតែគាត់មាន អាយុចាស់ណាស់ហើយ និង មានជម្ងឺប្រចាំកាយទៀតផង ។ ជនជាប់ចោទនិយាយថា “ គាត់សុំ ស្លាប់នៅស្រុកកំណើតរបស់ខ្លួន គឺមិនចង់ស្លាប់នៅប្រទេសដទៃ នោះទេ ” ។
ចំណែកលោក ឌុន វិបុល មេធាវីការពារក្តីជនជាប់ចោទ បានសូមឲ្យសាលាឧទ្ឋរណ៍ អនុវត្តក្រមព្រហ្មទណ្ឌមាត្រា១០ ដែលផ្តន្ទាទោសមានកម្រិតស្រាលជាង ពី៧ឆ្នាំទៅ១៥ឆ្នាំ និង សូមឲ្យបន្ឋូរបន្ថយទោស តាមមាត្រា ៩៣,៩៤ នៃក្រមព្រហ្មទណ្ឌ ៕