សៀមរាប៖ អ្នកគ្រប់គ្រងក្រុមហ៊ុនលក់ម៉ូតូអគ្គិសនី សាខាខេត្តសៀមរាប ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទ័ណ្ឌ នៃ កងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួន បន្ទាប់ពីតំណាងក្រុមហ៊ុនបានប្តឹងមកសមត្ថកិច្ចថា បុរសរូបនេះបានកិបកេងប្រាក់ និងលួចយកម៉ូតូរបស់ក្រុមហ៊ុនទៅបញ្ចាំ។នាយការិយាល័យបទល្មើសព្រហ្មទ័ណ្ឌ លោកអនុសេនីយឯក អ៊ុយ ចយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រឿន សារ៉ន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានមុខរបរជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ម៉ូតូអគ្គិសនី សាខាខេត្តសៀមរាប ត្រូវបានកម្លាំងរបស់លោកចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា។ លោកបន្តថា ការចាប់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីខាងភាគីក្រុមហ៊ុនប្តឹងថា ជនសង្ស័យខាងលើបានកិបកេងប្រាក់ក្រុមហ៊ុន អស់ជិត២ពាន់ដុល្លា និងបានយករបស់ក្រុមហ៊ុនពីរគ្រឿង និងម៉ូតូកង់បីមួយគ្រឿងទៅដាក់បញ្ចាំថែមទៀតផង។លោកអ៊ុយ ចយ បានឲ្យដឹងបន្តថា បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។លោកអ៊ុយ ចយ បន្តថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងរបស់លោក កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ ឧសភានេះ៕ វេហាស៍