ភ្នំពេញ៖ ទណ្ឌិតចំនួន៣នាក់ដែលធ្លាប់ជាប់ពន្ធនាគារក្នុងបទល្មើសចាប់ជម្រិតម្តងរួចហើយ ត្រូវបានលោក ឆែ វីរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជម្រះទោសក្នុងករណី រំលោភទំនុកចិត្តមួយដែលបានប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញកាលពីឡុងខែ
តុលា ឆ្នាំ២០១០ យោងតាមមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ជនជាប់ចោទមានចំនួន ៣នាក់៖-ទី១ ឈ្មោះ ជួន ប៊ុនហ៊ីម ហៅម៉ៅ ហៅទី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។-ទី២ ឈ្មោះ ឈូរ ឆេងប៉ ហៅលីហេង ហៅលីសំណាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់អូរឬស្សី ស្រុកកំណើតឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។-ទី៣ ឈ្មោះ អ៊ឹង ស្រេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល រាជធានីភ្នំពេញ។
នៅក្នងសវានាការជនជាប់ចោទបានឆ្លើយសារភាពថា ពួកគេពិតជាបានជួលរថយន្តចំនួន ៧គ្រឿង(រថយន្តCRV ៣គ្រឿង រថយន្តCorolla ៣គ្រឿង និង រថយន្តRave ៤ ១គ្រឿង) ពីឈ្មោះ ហ៊ីសោភ័ណ្ឌវិចិត្រ យកទៅជិះប្រាកដមែន ដោយព្រមព្រៀមក្នុងតម្លៃ៣០០ដុល្លារក្នុងមួយខែ។ ជនជាប់ចោទបន្តថា តាមពិតពួកគេជួលរថយន្តទាំងនោះទៅដាក់បញ្ចាំឱ្យឈ្មោះ យាយ ស និងឈ្មោះ អ៊ឹង ណាវីន កាស៊ីណូ ណាហ្គាវើល ដើម្បីយកលុយលេងល្បែងស៊ីសងនៅទីនោះ។ ដោយលេងមិនដែលឈ្នះសោះ និងគ្មានលុយយកទៅលស់រថយន្តមកវិញ ទើបពួកគេបែកគំនិតចាប់ជម្រិតបន្ថែមលើការឆបោករថយន្តតាមរយៈរូបភាពជួលជិះ ប៉ន្តែទីបំផុតត្រូវសមត្ថកិច្ចចាប់បាន។លោក ឈុន វីដា មេធាវីបានបញ្ជាក់ថា កូនក្តីលោកជាដើមប្តឹងរដ្ឋប្បវេណីឈ្មោះ ហ៊ី សោភ័ណ្ឌវិចិត្រ បានទាមឱ្យជនជាប់ចោទសងថ្លៃរថយន្តទាំង៧គ្រឿងតាមតម្លៃទិញលក់យោងតាមឯកសារដែលបានដាក់ជូនតុលាការ ទាមទារសំណងជំងឺចិត្តតាមកំណត់ហេតុដាក់ជូនតុលាការ និងសុំឱ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមច្បាប់ជាធរមាន។សូមបញ្ជាក់ កន្លងពេលកន្លងទៅមានជនជាតិខ្មែរ (ដែលច្បាប់ហាមឃាត់មិនឱ្យចូលលេងល្បែងក្នុងកាសុីណូ) មិនតិចទេដែលបានផុងខ្លួនចាញ់ល្បែងនៅក្នុងកាស៊ីណូល្បីឈ្មោះប្រចាំរាជធានីភ្នំពេញ ឈ្មោះណាហ្គាវើលនេះ។ ហើយក៏មានជនជាតិខ្មែរមនតិចដែរដែលមានទោសដោយសារតែប្រព្រឹត្តបទល្មើសក្រោយចាញ់ល្បែងនៅកាសុីណូណាហ្គាវើល។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺនៅដើមឆ្នាំ២០១៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលសំណង់របស់កាសុីណូមួយនោះដែលរំលោភផ្លូវសាធារណៈ រហូតដល់មានការដាក់អវសានវាទឱ្យរុះរើចេញជាបន្ទាន់ផងដែរ៕



































