បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦នេះបាននាំយកក្តាម្ឈូសចំនួន៤និងថវិកា៥០ម៉ឺនរៀលដែលជាអំណោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀនទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តនិមិត្តដើម្បីរៀបចំដាក់សពមួយគ្រួសារដែលបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ខែឧសភាកន្លងទៅនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៨២-៣៨៣ ស្ថិតក្នុងភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សពជនរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ នៅ សុធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តី និងសពទី២ឈ្មោះ ឆេង ស៊ីណៃ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ រីឯសព២នាក់ទៀត ត្រូវជាកូនប្រុស-ស្រី មានវ័យទើបតែ ៤-៦ឆ្នាំ ប៉ុណ្ណោះ។
សពត្រូវបានគេអោយដឹងថាមានទីលំនៅក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះត្រូវរថយន្តមួយគ្រឿងបានកៀរម៉ូតូពួកគេអោយដួលបោកទៅកណ្តាលថ្នល់ហើយ គាប់ជួនរថយន្តធំមួយគ្រឿងដែលបើកមកពីក្រោយ ក៏បានបុកនិងកិនស្លាប់យ៉ាងអាណោចអធមទាំង៤នាក់តែម្តង។សពបានបែកជាបំណែកមើលលែងយល់រថយន្តក្រោយបង្កបានបន្ថែមល្បឿនទៅមុខគេចបាត់ស្រមោល។
បច្ចុប្បន្ន សពកំពុងរៀបចំធ្វើបុណ្យបូជា នៅវត្តរតន:និមិត្ត។