ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៦នាក់ ហើយនិងថ្នាំញៀនចំនួន ០៣កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តព្រែកលៀប តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Post News ថា នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងជិះល្បាតជុំវិញមូលដ្ឋាន ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ហើយបានដកហូតនៅថ្នាំញៀនប្រភេទម្សៅក្រមពណ៌សថ្លា ០៣កញ្ចប់តូច ព្រមទាំងម៉ូតូចំនួន ០២គ្រឿង មកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ វ៉ាត់ រត្ន័ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ, ទី២ ឈ្មោះ អឹុម សុខឃី ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ អ្នកទាំង ០២នាក់ ស្នាក់នៅភូមិអន្លុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣ ឈ្មោះ វ៉ា ធារិទ្ធ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករនំប័ុង ស្នាក់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ទី៤ ឈ្មោះ កៀង ម៉េងអៀង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករនំប័ុង ស្នាក់នៅភូមិខ្ពកក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម, ទី៥ ឈ្មោះ ហ៊ន់ រស្មី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងទូរស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៦ ឈ្មោះ សេង ស្រ៊ន ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ លក់ទឹកកក ស្នាក់នៅភូមិព្រែកដង្ហើម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕ ស៊ុនតិច