បន្ទាយមានជ័យ ៖ សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងគ្រឿងក្នុងមាន់ខូចគុណភាពចំនួន៣២០គីឡូ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃចូលកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង សហការណ៍ជាមួយមន្ត្រីសាខាកាំកុត្រូលខេត្តបន្ទាយមានជ័យ ចាប់និងដុតកម្ទេចចោលកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។ លោក ហុក ចិត្រា ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងបានអោយដឹងថា តាមរយៈការដឹកនាំ និងចង្អុលបង្ហាញពីលោក មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទទួលទិសប្រតិបត្តិការបង្កាបង្ក្រាបខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ ការបង្ក្រាបរថយន្តមួយគ្រឿងម៉ាកឆ្លាមពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2C:9188 ដែលបានដឹក សាច់មាន់ ជង្គង់ ស្លាប និងគ្រឿងក្នុងមាន់ចម្រុះខូចគុណភាពពីប្រទេសថៃ សរុប៣២០គីឡូក្រាម បម្រុងនាំចូល និងចែកចាយលក់ក្នុងទីផ្សាកម្ពុជា ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាច់មាន់ និងគ្រឿងក្នុងមាន់ចម្រុះ ដែលកម្លាំងចម្រុះបានធ្វើការដកហូតខាលើនេះ ត្រូវបាននាំយកទៅដុតកម្ទេចចោលទាំងស្រុង ក្រោយពីរកឃើញថា មានផ្ទុកសារធាតុគីមីម្យ៉ាង ដើម្បីរក្សាទុកឲ្យនៅស្រស់បានយូរ មិនឆាប់ស្អុយរលួយ ដែលសារធាតុនេះគឺគេប្រើសម្រាប់ចាក់បញ្ជូលសាកសពប៉ុណ្ណោះ ម្យ៉ាងវិញទៀតសាច់មាន់ទាំងនេះវាអាចបង្ករគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ។
ជាមួយគ្នានេះដែរ លោក ស៊ាន ស៊ីណាត ប្រធាសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក៏បាន ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រីមេផ្ទះគ្រប់រូបមុនសម្រេចចិត្តទិញទំនិញ ឬផលិតផល ម្ហូបអាហារអ្វីទៅបរិភោគគួរគិតដល់សុខភាពជាមុន ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព៕