ខេត្តរតនគីរី៖ រថយន្តចំនួន៤គ្រឿងលួចដឹកឈើប្រណិតល្មើសច្បាប់ បំរុងនាំចេញទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង នៅស្រុកអូយ៉ាងដាវ ខេត្តរតនគីរី ត្រូវបានកម្លាំងគយចល័ត ដឹកនាំដោយលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី ចាប់បាននៅចំណុចតាមកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅមុខវត្តអូរយ៉ាដាវ វេលាម៉ោង២១នឹង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
រថយន្តដឹកឈើប្រណិតល្មើសច្បាប់ចំនួន៤គ្រឿងនេះមានម៉ាក Camry មួយគ្រឿង, Tacoma មួយគ្រឿង និង Tundra ពីរគ្រឿង។ ចំណែកឈើមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ មន្ត្រីជំនាញកំពុងធ្វើការវាស់វែង និងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី។
មន្ត្រីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនេះគឺជាទំនិញល្មើសច្បាប់គយ ដូច្នេះនាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្ត្រីគយដែលដឹកនាំការបង្ក្រាប៕ដោយ យក្ស ឡោម