បន្ទាយមានជ័យ: លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីក្រុមការងារចុះជួយក្រុងសិរីសោភ័ណ និងព្រះសង្ឃនៃមូលនិធីសប្បុរសធម៍វត្តដុងអារញ្ញបានជួយសង់ផ្ទះ១ខ្នងនិងទ្រុងមាន់១ ជូនពលរដ្ឋ១ គ្រួសារដែលមានកូនច្រើនដល់១ឡូត៍ក្នុងបន្ទូកដែលជីវភាពមិនសមរម្យគ្មានផ្ទះ។
គ្រួសារនោះមានប្តីឈ្មោះឌី ខុម អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះវ៉ាន ឆវ័ន្ត អាយុ៤០ ឆ្នាំនិងកូន១២នាក់ (ម្នាក់ទៅសីុឈ្នួលធ្វើការនៅថៃនិង១១នាក់ទៀតនៅតូចៗ) រស់នៅភូមិកោះពងសត្វសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ។ប្តីប្រពន្ធនេះរស់នៅក្នុងរោងជរាធ្លុះធ្លាយ១ លើដីមាត់ស្ទឺងជាប់កោះពងសត្វ ។បុរសជាប្តីមានរបរទិញ-លក់អេតចាយ។ពោលគឺដោយសាររបរប៉ុនណេះ និងមានកូនច្រើនជាន់-កពេកធ្វើអោយគ្រួសារនេះងើបមុខមិនរួច។
ឯមូលហេតុកូនច្រើន ប្តីប្រពន្ធនេះនិយាយថា:”មកពីកបកូន គឺ៣ឆ្នាំកូន២ ហើយមានកូនសរុប១៥នាក់ តែស្លាប់អស់២នាក់ទៅវិញ”។
ថ្ងៃទី២៨-២៩ ឧសភាឆ្នាំ២០១៥ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ-ប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណនិងមន្ត្រីក្រុមការងារនិងអ្នកស្រី សុភា មន្ត្រីសាលាខេត្តបានឃើញរូបភាពគ្រួសារនេះក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ចុះស្រាវជ្រាវរកការពិត ហើយក៏រៃអង្គាសធនធាន ថវិការ សម្ភារ:គ្នាមកជួយសង់ផ្ទះ១ខ្នងធ្វើពីឈើប្រឡៅមូល រនាបឬស្សី បាំងជញ្ជាំងសង្ក័សីនិងប្រក់ដំបូលដែក ទំហំ៤,៥មែ៉ត្រគុណ៦ម៉ែត្រជូនគ្រួសារនេះ។ក៏ត្រូវធ្វើទ្រុងមាន់ ផ្តល់ពូជមាន់ ពូជដំណាំអោយបន្តទៀត។
ពោលគឺឃើញការលំបាក សេចក្តីត្រូវការនេះ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យក៏ណែនាំអោយមន្ត្រីនិងអ្នកពាក់ព័ន្ធចុះជួយបន្ទាន់ គឺសង់ផ្ទះថ្មីអោយតែម្តងព្រោះអត់ផ្ទះ។
ព្រះសង្ឃ មន្ត្រី កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងសប្បុរសជនបានផ្តល់អំណោយដល់គ្រួសារនេះ ដូចជាអង្ករ ម្ហូមអាហារ សម្ភារ:ប្រើប្រាសក្នុងផ្ទះ សម្លៀកបំពាក់និងសម្ភារ:សិក្សា ទេយ្យទាននិងថវិការមួយចំនួនធំ។
ឈ្មោះឌី ខុម អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះវ៉ាន ឆវ័ន្តបានថ្លែងអំណរគុណនិងគោរពថ្លែងអំណរគុណ អំណរព្រះគុណចំពោះជំនួយតាំងពីសង់ផ្ទះ ផ្តល់សម្ភារ: ថវិកា និងកម្លាំងចិត្តដល់ពួកខ្លួនពីសំណាក់ព្រះសង្ឃ មន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តបន្ទាយមានជ័យចុះជួយក្រុងសិរីសោភ័ណ៕ដោយ:ឃិន គន្ធា