ស្រះទឹកថ្មី ទំហំ៥០មែត្រx៧០មែត្រ ជម្រៅ៤ម នៅក្នុងវត្តរស្មីសាមគ្គីស្តៅ ក្នុងភូមិស្តៅ ឃុំគោកឋិន ស្រុកថ្មពួកបន្ទាប់ពីក៍សាងរួចរាល់ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកស្រី ប៉ុក ណាឌី លោក លី សារី លោកស្រី ចាន់ ថេង អភិបាលរងខេត្ត និងមានវត្តមាន ព្រះគ្រូអនុគណខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ឧបាសក ឧបាសិកា សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
ស្រះទឹកនេះបានផ្តួចផ្តើមកសាងដោយ ព្រះអង្គគ្រូសច្ចវេទីធម្មលង្ការោ ឡាយ សាមឿន ប្រធានកម្មវិធីនាទីសម្លេងព្រះធម៌ក្នុងព្រះពុទ្ធសាសនាព្រះអង្គគ្រូសច្ចរភោ ថោង ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តរស្មីសាមគ្គីស្តៅ និង ឧបាសក ឌី ផន ឧបាសិកា គឹម ហ៊ាង ព្រមទាំងពុទ្ធបរិសទ្យ សប្បុរសជនជិតឆ្ងាយដែលបានចំណាយថវិកាអស់១២០០០ដុល្លា ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៥។
លោកស្រី ប៉ុក ណាឌី បានកោតសរសើរដល់ស្នាដៃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា គណៈកម្មការអាចារ្យវត្ត អាជ្ញាធរដែនដី ដែលបានបរិច្ចាគទ្រព្យធន កម្លាំងកាយចិត្ត ផ្តួចផ្តើមកសាងរហូតកើតបានស្រះទឹកនេះ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍រួម៕ដោយ:ឃិន គន្ធា