ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នៅវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សរបស់សាខា ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ (រលំ៤ខ្នង និងរបើក១២ខ្នង និងរន្ទះបាញ់របួស១នាក់ ) ដែលរងគ្រោះដោយខ្យល់សារកន្ទ្រាក់ មកពី ៤ភូមិ នៃ៣ឃុំ ក្នុងស្រុកក្រឡាញ់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ ខូចខាតផ្ទះសម្បែង របស់បងប្អូនដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួន ហើយលោកជំទាវក៏បានបន្ត សូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀតដើម្បី ជីវភាពក្រុមគ្រូសារ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះនាពេលនេះមាន៖ គ្រួសាររលំផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម ស័ង្កសី១០សន្លឹក ទឹកបរិសុទ្ធ១យួរ និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងូរទទួលបាន អង្ករ២៥ គីឡូក្រាម តង់កៅស៊ូ១ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល។ ឯអ្នករបួសទទួលបាន អង្ករ ២៥គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕ វេហាស៍