ខេត្តមណ្ឌលគិរី¶ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែង និងថាមពល និងឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះ ពិនិត្យក្រុមហ៊ុនរុករ៉ែមាសមួយកន្លែងនៅចំនុចអូរខ្វាវ ស្ថិតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៦នេះ ។ នៅក្នុងការចុះត្រួតពិនិត្រក្រុមហ៊ុននោះដែរ អមដំណើរ ដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ស ចំរ៉ុង អភិបាលខេត្តក្រចេះ ។លោកនាយកគ្រប់គ្រង ក្រុមហ៊ុនរុករករ៉ែមាស មីពីរ៉លរីឃោសង បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងការអនុវត្តការងារនៅក្នុងក្រុមហ៊ុនរបស់លោក ដែលបានវិនិយោគនៅក្នុងទឹកដី នៃខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០១២មក ដែលមានផ្ទៃដីទំហំ១៩២គីឡូម៉ែត្របួនជ្រុង មកដល់បច្ចុប្បន្ននេះ បានចំណាយថវិកាអស់ចំនួន៣០លានដុល្លាអាមេរីក និងត្រូវការទន់បន្ថែមចំនួនជាង១០០លានដុល្លាអាមេរីក។ បើតាមការប៉ាន់ប្រមាណក្នុងមួយឆ្នាំក្រុមហ៊ុនផលិតរ៉ែមាសបានចំនួន៣តោន ដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្មីៗនេះក្រុមហ៊ុនបានធ្វេីការចាប់ដៃគូរជាមួយក្រុមហ៊ុន អិនដ្រយសបសិុស ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី មានបទពិសោធន៍ ក្នុងការស្រាវជ្រាវរុករករ៉ែមាស នៅក្នុងតំបន់អាហ្វ្រិច តំបន់អូស្ត្រាលី និងតំបន់ផ្សេងៗទៀតនៅក្នុងពិភពលោក។
ពាក់ព័ន្ធទៅនឹងវិស័យបរិស្ថានវិញ ជាផ្នែកមួយយ៉ាងសំខាន់ ដោយបានធ្វើការសិក្សាទៅលេីផលប៉ះពាល់សង្គមនិងបរិស្ថាន ដេីម្បីឲ្យក្រុមហ៊ុនផ្សេងៗយកគំរូតាម ហេីយសង្ឃឹមថានឹងបញ្ចប់ផលប៉ះពាល់បរិស្ថាននៅក្នុងឆ្នាំ២០១៦នេះ ដោយដាក់របាយការណ៍នេះទៅក្នុងក្រសួងបរិស្ថាន និងដាក់បញ្ចូលនៅក្នុងគម្រោងផែនការរបស់ក្រុមហ៊ុនផងដែរ។
អ្វីដែលសំខាន់ក្រុមហ៊ុននឹងជ្រេីសរេីសមនុស្សនៅក្នុងសហគមរាប់រយនាក់នៅពេលខាងមុខនេះធ្វើការនៅក្នុងក្រុមហ៊ុន នៅពេលដំណើការសាងសង់រោងចក្របានរួចរាល់ កន្លងមកក្រុមហ៊ុនបានជួយជាថវិកាមួយចំនួនឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងសាងសង់សាលារៀន អណ្តូងទឹក មណ្ឌលសុខភាពថ្មីៗ និងហេដ្ឋារចនាសម្ព័នដូចជាផ្លូវ ព្រមទាំងបានចរចារ ជាមួយអង្គភាពអគ្គិសនីតបណ្តាញនៅក្នុងតំបន់នេះ ដើម្បីអោយប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែន រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ក្រោយពីក្រុមហ៊ុនមួយនេះទទួលបានអាជ្ញាប័ន ក្នុងមួយឆ្នាំក្រុមហ៊ុនផលិតមាសបានចំនួន៣តោន ហើយនឹងត្រូវបង់ព័ន្ធចូលថវិកាជាតិចំនួនប្រមាណជា១០០លានរៀល ហើយក្រសួងរ៉ែ និងថាមពល ក៏ដូចក្រសួងបរិស្ថាន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដែលគាំទ្រគម្រោងនេះ នឹងអោយក្រុមហ៊ុនរ៉ែមាសដំណើការទៅដោយរលូន ៕ដោយ ប៊ូ ស្រា