ខេត្តសៀមរាប ដោយរដូវប្រាំងបានអូសបន្លាយជាយួខែ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង មានការព្រួយបារម្ភ ចំពោះបញ្ហាកង្វះស្បៀងសម្រាប់ឆ្នាំខាងមុខផងដែរ ។តែដោយចូលមកដល់ពាក់កណ្តាខែ ឧសភានេះ នៅតាម ស្រុកតំបន់មួយចំនួន នៃខេត្តសៀមរាប ក៏បានមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាកសិករយើង មាន ចិត្តសប្បាយរីករាយ ក្នុងការងារបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ ។អំពីរដូវនៅប្រទេសកម្ពុជាយើង គឺបានបែង ចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង ៦ខែជារដូវវស្សា ។ ទោះបីរដូវវស្សាបានចូលមកដល់ ចាប់ពី ពាក់កណ្តាលខែ មេសាក៏ពិតមែន តែដោយការប្រែប្រួលអាកាសធាតុនៃភពផែនដី ដែលបានធ្វើឲ្យបណ្តា ប្រទេសមួយចំនួនជួបនូវគ្រោះធម្មជាតិ ពិសេសនៅកម្ពុជាយើង រដូវប្រាំងបានអូសបន្លាយ ដែលធ្វើឲ្យបងប្អូន ប្រជាកសិករយើង មានការយឺតយ៉ាវក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ ។
ក្រោយពីមានភ្លៀងធ្លាក់បានជោគជាំ នៅតាមបណ្តាស្រុក និង តំបន់មួយចំនួន ក្នុងខេត្តសៀមរាប បង ប្អូនប្រជាកសិករយើង ក៏បានមមាញឹកក្នុងការភ្ជួររាស់ដី ធ្វើការសាបព្រោះគ្រាប់ស្រូវ ដើម្បីឲ្យបានទាន់រដូវ ដែល បានកំពុងមានទឹកភ្លៀងធ្លាក់នេះផងដែរ ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត បានឲ្យដឹងថា សកម្មភាព ការងារបង្កបង្កើនផលប្រចាំខែ ឧសភា ឆ្នាំ២០១៦នេះ ប្រជាកសិករយើងសម្រេចភ្ជួរដាស់ដីបាន ២៤ពាន់៣៩០ ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន២៤ពាន់៣៨៥ហិចតា ,សាបបាន ៥៥ហិចតា ក្នុងនោះ សំណាបស្រូវកណ្តាល ១០ហិចតា ស្រូវធ្ងន់ ៤៥ហិចតា ។ ក្នុងការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០១៦នេះ ធ្វើបានសរុប ៥ពាន់៩៧៥ហិចតា ស្មើ ៣,១២% នៃផែនការ ១៨៦ពាន់២០០ហិចតា បើប្រៀបធៀបទៅឆ្នាំ ២០១៥រយៈពេលដូចគ្នា ( ៤០ពាន់៣៦០ហិចតា) ដោយឆ្នាំនេះអនុវត្តបានតិចជាង ៣៤ពាន់៣៨៥ហិចតា ក្នុង នោះមាន ស្រូវចំការ ១៣៥ហិចតា , ព្រោះស្រូវវារ ២ពាន់៤៣០ហិចតា , ស្រូវស្រាល ១ពាន់៥០ហិចតា ជាស្រូវពង្រោះ , ស្រូវធ្ងន់ ១ពាន់១១០ហិចតា ដោយពង្រោះ ១ពាន់១០៥ហិចតា ។ ចំពោះដំណាំរួមផ្សំ ដាំបាន ចំនួន ១ពាន់៦៥៥ហិចតា ស្មើ ១២,៨៩% នៃផែនការ ១២ពាន់៨៣៥ហិចតា ។
យោងតាមស្ថានភាពអាកាសធាតុនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប មានភ្លៀងបានបន្តធ្លាក់នៅតាមស្រុកតំបន់មួយចំនួន បានបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងបង្កបង្កើនផល ឆ្នាំ២០១៦នេះ ផងដែរ ៕